ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នងអស់ទាំងស្រុងបន្ទាប់ពីម្ចាស់ដុតធូបហើយធ្លាក់កម្ទេចភ្លើងមកលើពូកបណ្តាលឱ្យឆេះតែម្តង។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិត្រពាំងកក់ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៧ខែកម្ភ:ឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យនេះបានឆេះផ្ទះអស់ចំនួនពីរខ្នងធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង មានទំហំទទឹង៦ម៉ែត្របណ្តោយ៧ម៉ែត្រ ម្ចាស់ឈ្មោះ ស្រេច លៀង ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុដោយសារភ្លើងធូបធ្លាក់លើពូក រួចក៏ឆេះពូកបណ្ដាលឱ្យឆេះផ្ទះតែម្តងទៅ។ ប្រភពបានបន្តទៀតថា ករណីអគ្គិភ័យនេះបណ្តាលឱ្យខូចខាតផ្ទះពីរខ្នងអស់ទាំងស្រុង, ស្រូវចំនួន៥បាវ, ខោអាវចំនួន១ទូ, កង់២គ្រឿង ទូឈើ១, គ្រែប្រអប់១, ពូក២, តុឈើ១, តុក្កតាឈើ១០, ធុងទឹកកក១ និងសម្ភារប្រើប្រាស់មួយចំនួនធំ។
ក្នុងហេតុការណ៍នេះកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រងចំនួន១០នាក់ ប្រើប្រាស់ទឹកអស់មួយរថយន្ត។ ប៉ុន្តែករណីនេះមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានមនុស្សរងរបួសដែរ។
ប្រភពបានបន្ថែមទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ សហការជាមួយ កម្លាំងរដ្ឋបាលឃុំពោធិ៍អង្គ្រង និងលោកមេភូមិត្រពាំងកក់ រួមទាំងកម្លាំងប្រជាការពារភូមិបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ តែមិនអាចជួយបានទាន់ពេលវេលា ដោយសារទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋមកយឺតពេល និងស្ថានភាពផ្លូវតូចចង្អៀត៕
ដោយ៖ចន្ទ លីហ្សា