ព័ត៌មានទាន់ហេតុការណ៍៖

លោកគីម ជុងអ៊ុន បានចេញបញ្ជាថ្មីមួយក្នុងវិស័យកសិកម្មនិងស្បៀងអាហារ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទាមទារឱ្យមាន “ការផ្លាស់ប្តូរជាមូលដ្ឋាន” នៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញអន្តរជាតិអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេស។
សារព័ត៌មាន KCNA បានផ្សាយនៅថ្ងៃទី 28 ខែកុម្ភៈថា លោក Kim Jong Un បាននិយាយថាការសម្រេចបាននូវគោលដៅផលិតកម្មធញ្ញជាតិនៅឆ្នាំនេះគឺជាអាទិភាពកំពូល ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពផលិតកម្មកសិកម្ម។
ព័ត៌មាននេះត្រូវបានចេញផ្សាយនៅថ្ងៃទី ២ នៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េនៅថ្ងៃទី២៧ ខែកុម្ភៈ។ KCNA មិនបានបញ្ជាក់លម្អិតពីវិធានការអ្វីដែលកូរ៉េខាងជើងនឹងចាត់វិធានការនោះទេ។ ទោះយ៉ាងណាក៏ដោយ លោក គីម ទទូចថា ការផ្លាស់ប្តូរត្រូវតែកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខ។
ក្នុងការប្រកាសពីកិច្ចប្រជុំក្នុងខែកុម្ភៈ ប្រមុខដឹកនាំកូរ៉េខាងជើងបាននិយាយថា វាជា “កិច្ចការសំខាន់ និងបន្ទាន់បំផុត ដើម្បីបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកសិកម្ម”។
ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះស្ទើរតែគ្មានពាណិជ្ជកម្មតាមព្រំដែន ដោយសារការបញ្ជាបិទផ្លូវ បន្ទាប់ពីមានការរាលដាលជំងឺរាតត្បាត Covid-19។
អ្នកជំនាញអន្តរជាតិជាច្រើនបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេសកូរ៉េខាងជើង។ ក្នុងខែនេះ កូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនជាងមុន៕ ដោយ៖ ធីរីណា

រូបថត៖ KCNA


ចែករំលែក៖