ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី២៧ខែកុម្ភៈថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចទៅលើមជ្ឈមណ្ឌលស៊ើបការណ៍របស់អ៊ុយក្រែននៅតំបន់ Brovary ជិតរដ្ឋធានី Kiev ។
ក្រសួងដដែលបានបន្ថែមថា កាំជ្រួចរុស្ស៊ីក៏បានវាយប្រហារមជ្ឈមណ្ឌលប្រតិបត្តិការពិសេសលោកខាងលិចនៅជិតទីក្រុង Khmelnitsky ភាគខាងលិចអ៊ុយក្រែនផងដែរ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តវាយប្រហារក្នុងទិសដៅពីទីក្រុង Donetsk ដោយបានឡោមព័ទ្ធទាហានអ៊ុយក្រែនជាង ២៥០នាក់ ព្រមទាំងសម្ភារយោធាជាង១០គ្រឿង រួមទាំងរថក្រោះ២ គ្រឿងផងដែរ។ យោធារុស្ស៊ីក៏បានប្រកាសពីការបំផ្លាញឃ្លាំងរំសេវមួយនៅជិតទីក្រុង Bakhmut និងប្រព័ន្ធរ៉ាដាប្រឆាំងយន្តហោះអ៊ុយក្រែន AN/TPQ-37 ដែលផលិតដោយអាមេរិក។
យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានបាញ់សម្លាប់ទាហានអ៊ុយក្រែន៧០ នាក់ក្នុងទិសដៅ Kupyansk ដោយបានសម្លាប់ទាហានសត្រូវប្រហែល 140 នាក់នៅក្នុងតំបន់ Krasno Limansky ។
កាលពីដើមថ្ងៃទី ២៦ ខែកុម្ភៈ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានបាញ់សម្លាប់ក្រុមឈ្លបយកការណ៍ចំនួន៦នាក់ នៅក្នុងតំបន់ Kharkov ដោយបំផ្លាញឧទ្ធម្ភាគចក្រអ៊ុយក្រែននៅជិតភូមិ Golubovka ។ អ៊ុយក្រែនមិនទាន់បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ខាងលើរបស់រុស្ស៊ីនៅឡើយទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters