ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គណៈប្រតិភូពីប្រទេសកម្ពុជា ដឹកនាំដោយ លោក ជា សំអាង រដ្ឋលេខាធិការ និងជាជនបង្គោលកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា អមដំណើរដោយលោក មាស សុផល អនុរដ្ឋលេខាធិការ និងកញ្ញា Suwanna Gauntlett តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើដំណើរទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងការងារស្ដារសត្វខ្លាធំនៅកម្ពុជា ចាប់ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនេះ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលថ្មីៗនេះ លោក Sh. Bhupender Yadav រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុ នៃសាធារណរដ្ឋឥណ្ឌា បានអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងបានបង្ហាញពីជំហរកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងសត្វព្រៃ។
ជាការឆ្លើយតបលោក ជា សំអាង បានជម្រាបជូនអំពីស្ថានភាព នៃស្ថិរភាពនយោបាយ ការអភិវឌ្ឍនិងលូតលាស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់ទៅលើកិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការរៀបចំនូវផែនការសកម្មភាពដើម្បីស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកោះកុងឱ្យទទួលបានជោគជ័យ នាពេលខាងមុខ។
នារសៀលថ្ងៃដដែល គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់ឥណ្ឌារួមមាន អាជ្ញាធរជាតិអភិរក្សសត្វខ្លាធំ វិទ្យាស្ថានសត្វព្រៃប្រទេសឥណ្ឌា និងអគ្គលេខាធិការដ្ឋានសត្វខ្លាធំពិភពលោក ដោយបានបង្ហាញជូននូវសេចក្តីព្រាងផែនការសកម្មភាពរបស់កម្ពុជាសម្រាប់ស្ដារសត្វខ្លាធំ ក្នុងគោលបំណងដើម្បីទទួលបាននូវធាតុចូល និងការគាំទ្រពីខាងភាគីឥណ្ឌា ដើម្បីយកធ្វើយ៉ាងណាយកទៅអនុវត្តន៍ឱ្យទទួលបានជោគជ័យ។
ដោយឡែកនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជាបានបន្តដំណើរចុះទៅពិនិត្យផ្ទាល់ដល់ទីជម្រកសត្វខ្លាធំឈ្មោះ SARISKA ដើម្បីដកស្រង់បទពិសោធន៍ក្នុងការស្ដារសត្វខ្លាធំនៅទីនោះដែលនៅឆ្នាំ២០០៥ បានបាត់បង់អស់សត្វខ្លាធំ ហើយចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៨ ដោយនាំចូលពីខេត្តផ្សេងក្នុងប្រទេស រហូតដល់ឆ្នាំ២០២៣ នេះមានចំនួនសត្វខ្លាធំសរុប២៧ក្បាល។
ទាក់ទិនក្នុងរឿងនេះលោក ជា សំអាង បានថ្លែងអំណរគុណដល់ភាគីឥណ្ឌាដែលបានរៀបចំទទួល សម្របសម្រួល និងជួបពិភាក្សាក្នុងដំណើរបំពេញបេសកកម្មនេះប្រកបដោយលទ្ធផលជាផ្លែផ្កា៕
ដោយ៖សហការី