ភ្នំពេញ ៖ មានទីតាំងអុីនធើរណេត២៤ម៉ោងមួយកន្លែងគ្មានស្លាកយីហោ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរតារាងបាល់ទាត់ ឬមុខអតីតផ្សារកុងតឺន័រ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានទទួលក្មេងៗនិងយុវវ័យចូលលេងទាំងយប់ទាំងថ្ងៃ ដោយសង្ស័យថាមានបង្កប់ល្បែងសុីសង ធ្វេីឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ភូមិ សង្កាត់មានសុវត្តិភាព ដូច្នេះទេីបពលរដ្ឋស្នេីឱ្យអាជ្ញាធរមូលដ្ឋានជួយចុះពិនិត្យនិងបង្ក្រាបផង ។
គួរបញ្ចាក់ថា ទីតាំងខាងលេីនេះបានបេីកទទួលក្រុមអ្នកញៀនល្បែងឬហ្គេមអនឡាញជាយូរមកហេីយ ខណៈដែលក្រុមការងារសារព័ត៌មាន (កាសែតនគរវត្ត)យេីងធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យផងដែរ តែពុំឃេីញមានកម្លាំងជំនាញចុះពិនិត្យឬបង្ក្រាបនោះឡេីយ ដែលជាហេតុធ្វេីឱ្យទីតាំងនេះមានឥទ្ធិពលក្នុងការទទួលភ្ញៀវចូលលេងមិនខ្លាចសមត្ថកិច្ចយុត្តិធម៌ទាល់តែសោះ ។
ពាក់ព័ន្ធនឹងទីតាំងអុីនធើរណេត២៤ម៉ោងខាងលើ ពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច មេត្តាដឹកនាំកម្លាំងចុះពិនិត្យនិងបង្ក្រាបផង ដេីម្បីឱ្យភូមិ សង្កាត់ ខណ្ឌ គ្មានល្បែងសុីសង និងគ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ និងកុំឱ្យបំពានបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ