ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បញ្ជូនខ្លួនបុគ្គលិកក្រុមហ៊ុនប្រេងរំអិល VELOTAC ២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត ករណីសុីដាច់លុយជាង១០ មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន បុគ្គលិកក្រុមហ៊ុនលក់ប្រេងរំអិល VELOTAC ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចទី៣ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត ករណីសុីដាច់ប្រាក់លក់ប្រេងជាង១០ មុឺនដុល្លារអាមេរិក ។ 

ជនសង្ស័យម្នាក់ឈ្មោះ ផេង បូណាត ភេទប្រុស អាយុ៤៤ ឆ្នាំ ជាប្រធានផ្នែកលក់ នៃក្រុមហ៊ុន BMO power មានទីលំនៅផ្ទះលេខ៥ ផ្លូវលំភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។និងម្នាក់ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ ឆ្នាំ ជាបុគ្គលិកផ្នែកលក់ នៃក្រុមហ៊ុន BMO power មានទីលំនៅផ្ទះលេខ៥ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ជនសង្ស័យ ទាំង២នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ដើមចមនៃការចាប់ខ្លួនប្រធានផ្នែក និងបុគ្គលិកក្រុមហ៊ុនប្រេងរំអិល ២ នាក់ខាងលើ បញ្ជូនទៅតុលាការនេះ សមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុន BMP POWER CO.Ltd ដោយបានចោទប្រកាន់ជនសង្ស័យ ថាបានកិបកេងប្រាក់ក្រុមហ៊ុនអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ។ ក្រុមហ៊ុនបានប្រគល់ភារកិច្ចឲ្យប្រធានផ្នែក និងបុគ្គលិកម្នាក់នោះ លក់ និងចែកចាយប្រេងរំអិលម៉ាក VELOTAC ទៅអតិថិជននៅទូទាំងប្រទេស ដែលកន្លងមកពួកគេបានលក់ឲ្យអតិថិជនប្រមាណ១៦៣ នាក់ហើយ ដោយមានប្រាក់បំណុលចំនួនជាង១៦មុឺនដុល្លារអាមេរិក ។ តែដោយមានការសង្ស័យលើបំណុលនោះ មានភាពយឺតយ៉ាវក្នុងការបង់ចូលក្រុមហ៊ុន ទើបក្រុមហ៊ុនបានចាត់តំណាងម្នាក់ឲ្យចុះទៅជាមួយឈ្មោះ ផេង បូណាត និងសុង ពិសិដ្ឋ ដើម្បីផ្ទៀងផ្ទាត់លើប្រាក់បំណុលដែលថាអតិថិជននៅជំពាក់ ។ ផ្ទុយទៅវិញក្រុមហ៊ុនគឺបានរកឃើញអតិថិជនគេបង់ប្រាក់ថ្លៃប្រេងជិតគ្រប់ចំនួនអស់ហើយ ប៉ុន្តែឈ្មោះ ផេង បូណាត និង សុង ពិសិដ្ឋ ទេ ដែលមិន បានបង្វិលប្រាក់ចូលក្រុមហ៊ុននោះ មិនតែប៉ុណ្ណោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ ផេង បូណាត និង សុង ពិសិដ្ឋ បានដាក់ពាក្យសុំលាឈប់ពីការងារ ដូច្នេះចំណុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុន បានចោទប្រកាន់ពួកគេទាំងពីរនាក់ ពីបទ.រំលោភលើទំនុកចិត្ត ហើយសហការជាមួយសមត្តកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖