ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្រោមអធិបតីភាពភាព លោក នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
យុទ្ធនាការ ”អន្ទាក់សូន្យ” បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនាម្សិលមិញនេះ ក្នុងគោលបំណងសំខាន់ៗចំនួន៤ មានដូចខាងក្រោម៖
ទី១).ការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ
ទី២).ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់
ទី៣).ការពង្រឹងទៅលើការអនុវត្តច្បាប់និងពង្រឹងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និង
ទី៤).ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។
គោលបំណងទាំងនេះ មានភាពសមស្របគ្នាជាមួយ បរិបទថ្មីរបស់កម្ពុជា គឺរក្សាឈើឈរ ដើម្បីទទួលបានចំណូល តាមរយៈការលក់ឥទានកាបូន និងទេសចរណ៍ធម្មជាតិ ហើយធនធានដែលទទួលបានត្រូវបានពង្រឹង និងពង្រីកការងារអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍។
តាមរយៈយុទ្ធនាការនេះ ក្រសួងបរិស្ថានរំពឹងថាបរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំ នៃតំបន់ជួរភ្នំក្រវាញ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។
គួរបានបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងការរៀបចំយុទ្ធនាការឆ្លើយតបនឹងវិបត្តិអន្ទាក់ និងត្រូវបានអង្គការដៃគូអភិរក្សនៅតាមបណ្តាប្រទេសផ្សេងៗចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់កម្ពុជាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ៕
ដោយ៖សហការី