ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទើបចេញពីពន្ធនាគារប៉ៃលិនដើរទៅកំពង់ឆ្នាំងត្រូវអ្នកប្រមឹកបើកម៉ូតូបុកពីក្រោយរបួសម្នាក់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ក្រុងបានឱ្យដឹងថា   កាលពីវេលាម៉ោង២១និង៤៤នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣មានករណីអ្នកបើកបរម៉ូតូ១គ្រឿងស្រវឹងស្រាបើកក្នុងទិសដៅពីលិចទៅកើតដោយប្រើលឿនលឿនមិនប្រុងប្រយ័ត្តស្រាប់តែទៅបុកអ្នកធ្វើដំណើរថ្មើរជើងបណ្ដាលឱ្យរងរបួសម្នាក់និងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ នៅលេីបណ្ដោយផ្លូវលេខ៥៧ ត្រង់ចំណុចជិតហាងកាហ្វេឃុននារី) ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។ ចំណែកម៉ូតូរងការខូចខាតកម្រិតមធ្យម។

   សមត្តកិច្ចនគរបាលជំនាញបានបន្តថា  ករណីនេះអ្នកបង្កឈ្មោះ វឿន វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរកម្មករ (ស្លាប់នៅកន្លែងកេីតហេតុ) រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ​ ២០១៨ ពាក់ផ្លាកលេខបាត់ដំបង  1AC-1301 (ខូចខាតមធ្យម) បេីកបរពីទិសខាងលិចទៅកេីត ក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសកំសត់ម្នាក់ដែលទើបចេញពីពន្ធនាគារកំពុងធ្វើដំណើរថ្មើរជើងទៅខេត្តកំពង់ឆ្នាំងស្រាប់តែអ្នកស្រវឹងបើកម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសបែកក្បាល របួសទ្រូងនិងរលាត់ដៃជើង។

   ក្រោយពីកើតហេតុភ្លាមៗ នគរបាលជំនាញក្រុងបានមកវាស់វែងនិងលោកគ្រូពេទ្យខេត្តបានមកពិនិត្យ ហើយក៏មានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានមកដល់ កន្លែងកើតហេតុដឹកបុរសរងគ្រោះយកទៅព្យាបាល។  ចំណែកសាកសពរង់ចាំបងប្អូនមកទទួល។

    ប្រភពបានឱ្យដឹងទៀតថា បុរសរងគ្រោះត្រូវគេស្គាល់ឈ្មោះ សន ផា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ (របួសក្បាលនិងដើមទ្រូង,ដៃ ជើងរលាត់) បុរសរងគ្រោះទេីបចេញពីពន្ធនាគារ  មានទីលំនៅភូមិត្រពាំងក្របៅ ឃុំឃ្លោកពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វេីដំណេីរដោយថ្មេីរជេីងពីទិសដៅខាងលិចឆ្ពោះទៅកេីតត្រូវភាគីបង្កបើកម៉ូតូបុកពីក្រោយ។

ភាគីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ជនរងគ្រោះទេីបចេញពីពន្ធនាគារដោយគ្មានសាច់ញាតិបងប្អូននិងគ្មានថវិកាជាប់នឹងខ្លួនទើបធ្វើដំណើរដោយថ្មើជើងទៅកាន់ខេត្តកំពង់ឆ្នាំង។  រីឯភាគីបង្ក(ស្លាប់) បន្ទាប់ពីបានពិនិត្យពីក្រុមគ្រូពេទ្យនិង សមត្ថកិច្ចរួចមកបញ្ជាក់ថា ស្លាប់ពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។

តាមការសន្និដ្ឋានបឋម គឺភាគីបង្ក(ស្លាប់) បេីកបរលឿនក្នុងស្ថានភាពស្រវឹង បានបេីកបុកភាគីរងគ្រោះ (អ្នកថ្មេីរជេីង) ហេីយម៉ូតូបានជ្រុលធ្លាក់ប្រឡាយ បណ្ដាលអោយខ្លួនស្លាប់តែម្ដង។

មូលហេតុៈ កត្តាមនុស្សបេីកបរក្នុងល្បឿនលឿន បុកភាគីរងគ្រោះពីក្រោយ។

ករណីនេះកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងបានយកវត្ថុតាងមករក្សាទុក រង់ចាំការស៊ើបអង្កេតបន្តតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖