ភ្នំពេញ ៖ លទ្ធផលនៃការអញ្ជើញចូលរួមរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមទំនាក់ទំនងចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពីការស្តារពិភពលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ថ្ងៃទី ០១-០៣ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៃក្រុមទំនាក់ទំនងចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពីការស្តារ ពិភពលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០១-០៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។
កិច្ចប្រជុំកំពូលនេះដឹកនាំដោយ លោក អុីលហាម អាលីយ៉ា ប្រធានាធិបតីនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ និងមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេស សមាជិកចលនាមិនចូលបក្សសម្ព័ន្ធ ប្រទេសសង្កេតការណ៍ ប្រធានសម័យប្រជុំលើកទី ៧៧ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានអង្គការអន្តរជាតិនានា។ កិច្ចប្រជុំបានពិភាក្សាស្តីពី បញ្ហាការស្ដារឡើងវិញ និងពីតួនាទីនៃ ចលនាមិនចូលបក្សសម្ព័ន្ធនៅក្រោយការរាតត្បាតនៃជំងឺ កូវីដ-១៩ នៅលើពិភពលោក។
កិច្ចប្រជុំកំពូលនេះបានបញ្ចប់ថា ជំងឺរាតត្បាត COVID-19 បានបង្កើតជាវិបត្តិសកល លោក ដែលជះឥទ្ធិពលដែលមិនអាចត្រឡប់វិញបានលើស្ថានភាពសុខភាព សង្គម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌នៃប្រទេសទាំងអស់។ ភាពងាយរងគ្រោះនៃប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគូសបញ្ជាក់ជាពិសេសក្នុងកំឡុងពេលមានវិបត្តិនេះ សូមគូសបញ្ជាក់បន្ថែមថាពហុភាគី និយមដើរតួនាទីដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាជំងឺរាតត្បាត ហើយវិបត្តិនេះ គ្រាន់តែជាការ អំពាវដើម្បីពង្រឹងពហុភាគីនិយម ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀតក្នុងស្វែងរកវិធីសាស្ត្រសម្រប សម្រួលដើម្បីដោះស្រាយញ្ហារួមរបស់ពិភពលោក។ គំនិតផ្តួចផ្តើម ក្នុងនាមអាសៃបៃហ្សង់ ជា ប្រធានបានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្កើតក្រុមការងារកម្រិតខ្ពស់ សម្រាប់ការស្ដារឡើងងវិញក្រោយកូវីដ-១៩ ជាសកល ដែលបានការគាំទ្រ យ៉ាងពេញទំហឹងពី សមាជិកចលនាមិនចូលបក្សសម្ព័ន្ធ គឺសំដៅលើការប្រមូលផ្ដុំអ្នកជំនាញឯករាជ្យនិងមានបទ ពិសោធន៍ បុគ្គលិកលក្ខណៈលេចធ្លោសម្រាប់ដំណើរការ។ អំពាវនាវឱ្យស្ថាប័នអន្តរជាតិពិនិត្យលើ មធ្យោបាយនានាក្នុងការបន្ធូរបន្ថយបំណុលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសនៅពិភព លោកខាងត្បូង និង បណ្ដារដ្ឋទាំងអស់អោយដកចេញនូវឧបសគ្គរារាំងដោយមិនសមហេតុផល ដែលដាក់កម្រិតលើការនាំចេញវាក់សាំងកូវីដ-១៩ ដែលបានផលិតហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្លែងក្នុងកិច្ចប្រជុំកំពូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ ណា សង្កត់ធ្ងន់អំពីភាពចាំបាច់របស់ចលនាមិនចូលបក្សសម្ព័ន្ធ សម្រាប់រក្សាភាពរឹងមាំ និងរួបរួម គ្នាក្នុងការប្រឈមមុខនឹងបញ្ហាជាសកលជាពិសេសគឺជំងឺរាតត្បាតកូវីដ-១៩ លោកបណ្ឌិត សភាចារ្យ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពុហភាគីនិយម និងដោះស្រាយបញ្ហាជម្លោះដោយ សន្តិវិធី ហើយកម្ពុជា បានដាក់ចេញនូវដំណោះស្រាយជំងឺរាតត្បាត ព្រមទាំងធ្វើយុទ្ធនាការចាក់ វាក់សាំងទ្រង់ទ្រាយធំ ការចាត់វិធានការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចចំនួន១០ជុំបន្តបន្ទាប់ និងការ គាំទ្រជាសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះ។ វិធានការទាំងនេះបានជួយឱ្យសេដ្ឋកិច្ចរបស់ កម្ពុជាវិលទៅរកអត្រាវិជ្ជមានឡើងវិញចំនួន ៣% ក្នុងឆ្នាំ ២០២១ ដល់ ៥,២% ក្នុងឆ្នាំ ២០២២ ហើយយើងរំពឹងថានឹងអាចកើនដល់ ៥,៦% នៅឆ្នាំនេះ។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងដែរថា ចលនាមិនចូលបក្សសម្ព័ន្ធ មានឱកាស ដ៏ល្អសម្រាប់ប្រើប្រាស់កំលាំងរួមនៃសមាជិក ដើម្បីអះអាងអំពីតួនាទីរបស់ខ្លួនចំពោះអង្គការ អន្តរជាតិ និងតំបន់ពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ ការត្រៀមលក្ខណៈ ភាពធននិងការឆ្លើយតបនឹងជំងឺរាតត្បាតនេះ។ ចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវខិតខំប្រឹងប្រែងឱ្យបានទ្វេដងឡើងវិញ ដើម្បីជំរុញឱ្យប្រទេសអភិវឌ្ឍន៍អនុវត្តនូវការប្ដេជ្ញាចិត្ត ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិរបស់ពួកគេ និងគោរពការចូលរួមរបស់ពួកគេ ដែល បានធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីចុងក្រោយរបស់អង្គការពាណិជ្ជកម្មពិភពលោកលើបញ្ហា កម្មសិទ្ធិបញ្ញា ដែលពាក់ព័ន្ធនឹងវ៉ាក់សាំង ដូចជាការផលិត និងការផ្គត់ផ្គង់បរិក្ខារសម្រាប់វិនិច្ឆ័យ និងព្យាបាលជំងឺកូវីដ-១៩។ ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ បាននាំមកនូវការបំផ្លិច បំផ្លាញដល់ផ្នែកជាច្រើននៃពិភពលោក កម្ពុជាបានជោគជ័យក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ តាមបែបនិម្មិត ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយម សម្រាប់កំណើនរួមគ្នា” នៅឆ្នាំ២០២១ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៥៥ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងទម្រង់ការចូលរួម ដោយផ្ទាល់ កាលពីឆ្នាំកន្លងទៅ ហើយឯកសារជាង១០០ ត្រូវបានអនុម័តដើម្បីសហគមន៍អាស៊ាន ឈានទៅមុខ។
ក្នុងកំឡុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួប ពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម Jeyhun Bayramov រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រធានគណៈប្រតិអារ៉ាប៊ីសាអ៊ូឌីត រដ្ឋកាតា អេមីរ៉ាតអារ៉ាប់រួម និង អគ្គលេខាធិការនៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ផងដែរ ។ ជំនួបទាំងនេះផ្ដោតទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា ជាមួយបណ្តាប្រទេសនោះ ក៏ដូចជា ការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង CICA៕
ដោយ ៖ សុខ ខេមរា