ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់នោះ មាន ០៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ០៧ករណី និងជនសង្ស័យ ៤០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៦ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖សហការី