ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងថា៖ កម្លាំងនគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ២៤១គ្រឿងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៧៨គ្រឿង និងរថយន្ត ៦៣គ្រឿង ខណៈមនុស្ស ៦នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី០៥ មីនានេះដែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩,៨៧៣គ្រឿង ក្នុងនោះមានម៉ូតូ ១៦,៥៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៣៣៥គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ល្មើសសញ្ញា និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ ក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៩នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ៦៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៣១លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៦៩នាក់ របួស ៦៨៥នាក់ (របួសធ្ងន់ ៤៥១នាក់)៕ ដោយ៖សហការី
រូបភាព៖ ឯកសរ