ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបុណ្យទន្លេលើកទី៧ដែលធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តកំពង់ធំ៖ យោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧ដែលធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធនានាបានត្រៀមរួចជាស្រេច ដើម្បីចូលរួមដាក់តាំងពិព័រណ៍បង្ហាញនូវវឌ្ឍនភាពការងារ សមិទ្ធផលការងារ និងផលិតផលតាមបណ្តាសហគមន៍ ជូនដល់សាធារណជនជាភ្ញៀវជាតិនិងអន្តរជាតិទស្សនា។ 

    ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានចូលរួមតាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាននិងផលិតផលសហគមន៍ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននឹងសហគមន៍តំបន់ការពារធម្មជាតិគាំទ្រដោយមូលនិធិបរិស្ថាននិងសង្គម និងគម្រោងសហប្រតិបត្តិការវាងក្រសួងបរិស្ថាននឹងដៃគូសហការផងដែរ។

     ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ជាមួយគ្នានេះ ក៏នឹងមានសកម្មភាពសំខាន់ៗដូចជាការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ រួមទាំងមានសកម្មភាពកីឡាដោយមាន ការចូលរួមពីសំណាក់កីឡាករ–កីឡាការិនីជាតិនិងអន្តរជាតិ ផងដែរ។

    គួរបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ននិងទៅអនាគត» នឹងប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ននេះ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖