ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងជំនួយចិន​ ដំណាក់កាលទី៣​ នៃប្រតិបត្តិការបោសសម្អាតមីន​ ក្នុងភូមិសាស្រ្ដខេត្តចំនួន០៣​ រយៈពេល៣ឆ្នាំ​(២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា​ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើខេត្ដសៀមរាប នៅឯមជ្ឍមណ្ឌលស៊ីម៉ាក់។

សូមជម្រាបថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន ១០លានដុល្លារអាមេរិក។

ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១២.០១៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៤គ្រាប់ មីនកែច្នៃចំនួន២២គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះចំនួន៩០គ្រាប់ គ្រាប់បែកចង្កោមចំនួន៤.៣៩២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រទេទចំនួន៥៤.៧១៤គ្រាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋសរុបចំនួន៦៩៩.២៣៥នាក់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ ស្មើនឹង៦៧៤.៦១៨នាក់។ 

ដោយឡែកសម្រាប់ដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបាន​សម្រេច​ផ្ដល់​ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាត​មីនរបស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួន៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា សមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់​ប្រតិបត្តិការ​បោស​សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២២ ដោយសម្រេច​បានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន​៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩.១៨៥គ្រាប់។

ជាមួយគ្នានោះ ខេត្តសៀមរាបមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបានដឹង និងមានក្នុងកំណត់ត្រាទិន្នន័យជាតិចំនួន៨៩.៦៣០.៣៣៣ ម៉ែត្រក្រឡា ក្នុងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារមីនមានចំនួន៨៤.៤៨៣.០១៥ម៉ែត្រក្រឡា និងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមមានចំនួន៥.១៤៧.៣១៨ ម៉ែត្រក្រឡា។

សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រទេសដែលរួមមាន គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកទំលាក់ ពីយន្តហោះ ជាដើម ឈានទៅការបញ្ចប់សំណល់យុទ្ធសង្គ្រាមទាំងស្រុងតែម្តង៕

ដោយ​៖សហការី​


ចែករំលែក៖