ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ម្នាក់ និងរងរបួស ២២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរារច​ណ៍​ ខណៈ​រកឃើញយានយន្តល្មើសចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស​នាថ្ងៃទី​១២​ មីនា​ម្សិលមិញ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ បណ្តាលឱ្យមនុស្សស្លាប់ ម្នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៥នាក់។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា បានបញ្ជាក់ថា​ គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។ 

ដោយឡែក​ នៅថ្ងៃទី​១២​ ខែមីនា​នេះដែរ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានបង្ហាញ​ថា​ ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៩គ្រឿង ម៉ូតូ ២៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៩គ្រឿង មានម៉ូតូចំនួន ២៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានោះ​ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖