ខេត្តបាត់ដំបង ៖ លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត(UF Membrane)ដល់កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៃយោធភូមិភាគទី៥ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ធ្វេីរបាយការណ៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោកជំទាវ ដែលបានផ្តល់អំណោយជាប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane) ដ៏មានសារ:សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រេីប្រាស់ដល់កងទ័ព និងគ្រួសារ ហេីយលោកបណ្ឌិត Cai Yunlong ប្រធានក្រុមហ៊ុន Micro Purification Science and Technology Cambodia Co., Ltd. ជាក្រុមហ៊ុនទទួលការសាងសង់ បានមានប្រសាសន៍លេីកឡេីងពីសារ:សំខាន់និងគុណប្រយោជន៍នៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane)ជំនាន់ទី២រួចមក លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជេីញមានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន ពលទាហាន និងគ្រួសារកងទ័ពប្រមាណជាង៦០០នាក់ ដោយបានសម្តែងនូវក្តីសោមន្សរីករាយក្នុងពិធីប្រគល់ជូននិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត និងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទីនេះ ដែលជានិច្ចជាកាល តែងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខ ហើយបានសាមគ្គី ឯកភាពគ្នា ការពារបាននូវសុខសន្តិភាព ថែរក្សាបានស្ថិរភាពសង្គម ស្ថិរភាពនយោបាយនៅគ្រប់កាលៈទេសៈ។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ទើបយើងមានឱកាសមាស អាចអភិវឌ្ឍន៍ខ្លួនយើង និងប្រទេសជាតិរបស់យើងឱ្យសម្បូរណ៍សប្បាយ ដូចបច្ចុប្បន្ននេះ ហើយនឹងបន្តការអភិវឌ្ឍន៍នេះ ទៅមុខទៀតឥតឈប់ឈរ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី សូមកោតសរសើរចំពោះវីរភាព និងស្មារតីរបស់បងប្អូនយើង មិនត្រឹមតែជាកម្លាំងស្នូលជួរមុខក្នុងកិច្ចការពារ ទឹកដីនិងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមនូវការងារសង្គមជាច្រើនទៀត ជាពិសេសការជួយសង្រ្គោះ ប្រជាពលរដ្ឋក្នុងអំឡុងពេលដែលជួបប្រទះនូវគ្រោះមហន្តរាយនានា ដូចជាខ្យល់កន្រ្តាក់ និងទឹកជំនន់ ជាដើម ដូចលោកឧត្តមសេនីយ៍ត្រី កែវ សេងលន បានរាយការណ៍ជូនអង្គពិធីមុននេះបន្តិច។ លើសពីនេះ ខ្ញុំក៏សូមចូលរួមសំដែងនូវមោទនភាពចំពោះភាពម្ចាស់ការរបស់កងពលតូចថ្មើរជើងលេខ៥៣ ដែលក្រៅពីការទទួលបាននូវជំនួយពីរាជរដ្ឋាភិបាល និងអំណោយពីសប្បុរសជននានា កងពលតូចក៏បានកែឆ្នៃនិងកសាង បាននូវសមិទ្ធផលជាច្រើនទៀតដោយខ្លួនឯង ដែលនេះជាគំរូដ៏ល្អដល់អង្គភាពនានា។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ការផ្គត់ផ្គង់ទឹកស្អាត គឺជាកិច្ចការចម្បងមួយ សំដៅឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋាននៃជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា និងការប្រកបរបរអាជីវកម្មផ្សេងៗ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានកំណើនឥតឈប់ឈរ ដើរស្របគ្នាទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានលេីកឡេីងពីបុរេលក្ខខ័ណ្ឌ ចំនួន៤យ៉ាងរបស់រាជរដ្ឋាភិបាលស្តីពីទឹកស្អាត គឺទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ ។ ក្នុងនោះ ការគិតគូរដល់បងប្អូនកងកម្លាំងដែលបានឈរជើងការពារជាតិមាតុភូមិ និងទីតាំងហ្វឹកហ្វឺននានាក៍ត្រូវបានយកចិត្តទុកដាក់ ខ្ពស់ផងដែរ ពីព្រោះកងទ័ពជាកលាំងស្នូលការពារជាតិ ត្រូវតែមានសុខភាពរឹងមាំ និងកំលាំងស្មារតីភ្លឺថ្លា។ ជាក់ស្តែងនៅទឹកដីខេត្តបាត់ដំបងយើងនេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខ្ញុំនិងភរិយាបានប្រគល់ជាអំណោយនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត UF Membrane ជូនបងប្អូនកងទ័ពនៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោ សែន ភ្នំវាលចាប ស្ថិតនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៥០ម៉ែត្រគូប/ថ្ងៃ។ ថ្ងៃនេះ ខ្ញុំនិងភរិយា មានសោមនរីករាយដោយបានរៀបចំនិងប្រគល់ជាអំណោយនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត UF Membrane មួយទៀតដែលជាបច្ចេកវិទ្យារបស់ប្រទេសចិនជំនាន់ទី២ កាន់តែមានភាពស្វ័យប្រវត្តិ និងគុណភាពកាន់តែប្រសេីរជូនបងប្អូនកងទ័ពយើងដែលស្នាក់នៅក្នុងបន្ទាយនៃកងពលតូច ថ្មើរជើងលេខ៥៣ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១០០ម៣/ថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី សូមអរគុណចំពោះរដ្ឋបាលខេត្តបាត់ដំបង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង, អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង និងកងពលតូចថ្មើជើងលេខ៥៣ ដែលបានសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងតម្លើងប្រព័ន្ធនេះដោយរលូននិងជោគជ័យ ។
ចចំពោះសំណើរបស់លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាកទី៥ និងលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ឲ្យជួយឧបត្ថម្ភ ប្រព័ន្ធប្រព្រឹត្តកម្មប្រភេទដូចគ្នានេះ ដល់កងពលតូចថ្មេីជេីងលេខ៥២ នៅតំបន់សេកសក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ននិងលោកស្រី សូមផ្តល់ជូនតាមសំណូមពរ។ ស្របជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក៏សូមឱ្យបងប្អូនយើងយកចិត្តទុកដាក់ក្នុងការថែរក្សា និងដំណើរការប្រព័ន្ធនេះឱ្យស្របទៅតាមលក្ខណៈបច្ចេកទេសដែលក្រុមហ៊ុនបានណែនាំ ដើម្បីធានានូវប្រសិទ្ធភាពដំណើរការនិងអាយុកាលរបស់ប្រព័ន្ធបានយូរ អង្វែង។
ដោយមានបទពិសោធន៍ ជាមួយកងពលតូចអន្តរាគមន៍លេខ៣១ ដែលជាអង្គភាពចងសម្ព័ន្ធមត្រីភាពនឹងគ្នា នៅតំបន់ភ្នំដំរីរមៀលខេត្តកំពត ទាក់ទងនឹងការកែច្នៃដីទំនេរ បង្វែរទៅចិញ្ចឹមសត្វឬដាំដុះដំណាំសក្តានុពល លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានផ្តល់អនុសាសន៍ឲ្យកងពល ពិនិត្យពិចារណាដាំដំណាំហូបផ្លែ ដែលមានទីផ្សារ ដូចជា៖ផ្លែតាង៉ែនជាដេីម ដេីម្បីជាចំណូលបន្ថែមសម្រាប់កងពល និងគ្រួសារកងទ័ពយេីង ។
បន្ទាប់មមក លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសេីរដល់មន្ត្រីរាជការ និងតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងអញ្ជេីញកាត់ខ្សែបូរសម្ពោធដាក់ឲ្យដំណេីរការប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane) និងចែកអំណោយជានិមិត្តរូបនូវ សម្ភារៈ គ្រឿងឧបភោគ-បរិភោគ និងថវិកាដល់អង្គភាពកងពល នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ផងដែរ ៕
ដោយ ៖ សហការី