ខេត្តបាត់ដំបង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា៖ អាជីវករដែលផ្តល់សេវាកម្មបាញ់ថ្នាំកសិកម្មដោយប្រើបច្ចេកវិទ្យា «ដ្រូន» នៅខេត្តបាត់ដំបង មានសម្ទុះការគាំទ្រពីប្រជាកសិករ បន្ទាប់ពីចាប់ផ្តើមផ្តល់សេវានេះជាង ២ ឆ្នាំកន្លងមក ស្របពេលដែលកម្មវិធី CAPRED នឹងគាំទ្រកសិកម្មបែបទំនើបបន្តពីកម្មវិធី CAVACII។
ជាក់ស្ដែងអាជីវករលក់ផលិតផលការពារដំណាំកសិកម្ម និងបម្រើសេវាកម្មបាញ់ថ្នាំដោយប្រើបច្ចេកវិទ្យាបញ្ជាយន្តហោះគ្មានមនុស្សបើក «ដ្រូន» អ្នកស្រី ទោ កុសល បានថ្លែងថា ពីដំបូងឡើយកសិករមិនបានជឿជាក់លើការបាញ់ថ្នាំកសិកម្មដោយប្រើវិធីនេះទេ ព្រោះវាប្រើប្រាស់ទឹកតិចពេកធៀបនឹងអ្វីដែលគាត់ធ្លាប់បាញ់កន្លងមកដោយប្រើកម្លាំងខ្លួនឯងផ្ទាល់។
អាជីវកររូបនេះ បានថ្លែងបន្តថា អ្នកស្រីបានចាប់ផ្តើមទិញដ្រូនដំបូងដើម្បីបម្រើសេវាកម្មបាញ់ថ្នាំកសិកម្មជាង ២ ឆ្នាំមកហើយ ដោយដ្រូន ១ គ្រឿងតម្លៃប្រមាណជិត ២ ម៉ឺនដុល្លារតាមរយៈកម្មវិធីជួយគាំទ្រ ៥០% នៃសេវាគ្រឿងយន្តរបស់កម្មវិធី CAVACII ប៉ុន្តែក្នុងដំណាក់កាលនៃការចាប់ផ្តើមដំណើរការដំបូង គ្មានកសិករណាម្នាក់ចង់សហការឡើយ។
អាជីវកររូបនេះ បានគូសបញ្ជាក់ថា៖ «ដំបូងឡើយ កសិករមិនបានជឿជាក់លើការបាញ់ថ្នាំដោយប្រើដ្រូននោះទេ ព្រោះវាប្រើទឹកតិចពេក។ សុំគេបាញ់សាក គេមិនឱ្យបាញ់លើដីស្រែគេផង»។អ្នកស្រី បន្ថែមថា ចាប់តាំងពីគម្រោងរបស់អូស្ត្រាលីដែលជួយឧបត្ថម្ភដល់កសិករដោយចេញចំណាយ ៥០ ភាគរយលើសេវាបាញ់ថ្នាំនោះ កសិករខ្លះក៏បានសាកល្បងបាញ់ថ្នាំដោយប្រើដ្រូននេះ ដោយគាត់យល់ថា «បើទោះបីខាតក៏មិនខាតច្រើនដែរ»។
អាជីវករលក់ផលិតផលការពារដំណាំកសិកម្មរូបនេះ បានគូសបញ្ជាក់ទៀតថា៖ «ក្នុង ១ ហិកតា ខ្ញុំយកឈ្នួល ៤ ម៉ឺនរៀល អ៊ីចឹងខ្ញុំយកពីកសិករ ២ ម៉ឺនរៀល ខ្ញុំយកពីគម្រោងរបស់អូស្ត្រាលី ២ ម៉ឺនរៀល។ ពេលនោះហើយ កសិករខ្លះថា ប្រថុយបាញ់ចោលទៅ។ ក្រោយដើរបាន ១ រដូវ កសិករក៏ចាប់ផ្តើមជឿជាក់»។
អ្នកស្រីបញ្ជាក់ថា៖ «ការងារកសិកម្មប្រើដ្រូននេះ បើកុំតែបានដៃគូសហការរបស់អូស្ត្រាលីជួយធ្វើទីផ្សារចំនួន ៥០ ភាគរយ កុំអី មិនដើរបានប៉ុនហ្នឹងទេ ព្រោះកសិករមិនជឿជាក់ទេ គឺគាត់មិនជឿជាក់ទាល់តែសោះ ព្រោះវាប្រើទឹកតិចជាងការបាញ់ដោយកម្លាំងមនុស្ស»។
កម្មវិធី CAVACII ដែលបានបញ្ចប់ទៅកាលពីឆ្នាំ ២០២១ បានសហការជាមួយនឹងក្រុមហ៊ុនឯកជនក្នុងការនាំយកឧបករណ៍កៀរពង្រាបដីឡាស៊ែរ និងដ្រូនមកបម្រើដល់វិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឧបករណ៍ដែលដៃគូរបស់កម្មវិធី CAVACII បានលក់ចេញ រួមមាន ឧបករណ៍កៀរពង្រាបដីឡាស៊ែរចំនួនប្រមាណ ៨៥ គ្រឿងដែលផ្ទៃដីកៀរបានក្នុង ១ ឆ្នាំសរុប ៦ ០០០ ហិកតា គិតជាមធ្យម និងដ្រូនបាញ់ថ្នាំកសិកម្មប្រមាណ ៥០ គ្រឿង។
បើយោងតាមឯកសារដែលផ្តល់ដោយក្រុមការងារ ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាគម្រោងអនុវត្តបន្តពីកម្មវិធី CAVAC II។ លើសពីនេះឧបករណ៍កៀរពង្រាបដីឡាស៊ែរចំនួន ២៥គ្រឿង ត្រូវបានទិញ និងផ្តល់សេវាកម្មកៀរដីស្រែកសិករជាង ១៤២៥ ហិកតា ដោយមានការជួយចេញថ្លៃសេវាកម្មពីកម្មវិធី CAVACII ចំនួន ៥០ ភាគរយ។ CAPRED ដែលនឹងត្រូវចាយថវិកា ៨៧ លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ ផ្តោតលើសសរស្តម្ភចំនួន ៣ រួមមាន កសិកម្ម និងការកែច្នៃកសិផលកសិកម្ម សេវាហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសហគ្រាស។
សូមជម្រាបជូនដែរថា យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអូស្ត្រាលី សព្វថ្ងៃនេះ យ៉ាងហោចណាស់មានស្ត្រីចំនួន ៨ នាក់មកពីខេត្តព្រៃវែង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប បាននិងកំពុងផ្តល់សេវាផ្នែកដ្រូនកសិកម្ម និងឧបករណ៍កៀរពង្រាបដីឡាស៊ែរ។ ក្នុងនោះ ស្ត្រីមួយចំនួនថែមទាំងបានពង្រីកអាជីវកម្មរបស់ពួកគេ និងបានទទួលស្គាល់យ៉ាងខ្លាំងពីសហគមន៍ពួកគេ។
បន្ថែមពីនេះ អាជីវកររូបនេះ ក៏បានរំឭកថា កសិករម្ចាស់ដីស្រែ និងចម្ការមិនបានជឿជាក់ក្នុងដំណាក់កាលដំបូង ដោយសារការប្រើប្រាស្រ់ដូនបាញ់ថ្នាំការពារដំណាំនេះប្រើប្រាស់ទឹកតិចដែលគាត់បារម្ភខ្លាចមិនសព្វដំណាំរបស់គាត់ ប៉ុន្តែក្រោយគាត់បានសាកល្បងទៅ គាត់ទទួលបានផលជោគជ័យ ដោយគាត់ចំណេញពេលវេលា ចំណេញថ្នាំ ហើយគាត់បានផលច្រើន ស្រូវមិនខូច មិនស្កក គាត់ក៏ជឿជាក់។ លោកស្រី បន្ដថា៖ «រាល់ថ្ងៃនេះ ខ្ញុំមានដ្រូន ២ ប៉ុន្តែខ្ញុំបាញ់ឱ្យគេមិនទាន់ទេ ហើយខ្ញុំមានគម្រោងទិញដ្រូនថែម ១ គ្រឿងទៀត»៕
ដោយ៖សហការី