ភ្នំពេញ៖ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគណៈប្រតិភូសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា លោក ជួ មករា ជាមួយនឹង លោក ចៃ ម៉ុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd។
ជាមួយគ្នានោះ លោក ជួ មករា បានថ្លែងបញ្ជាក់ថា៖ “យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។ លោកបន្តថា ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបានតាមតម្រូវការរបស់អ្នកទិញចង់បាន។
លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងបន្ថែមទៀតថា៖ “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។
សូមជម្រាបជូនថា ក្រៅពីដំឡូងមី កន្លងមកកម្ពុជាធ្លាប់ទទួលបានចុះអនុសារណៈយោគយល់នៃការនាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន ៖គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង អង្ករ មៀនខ្មែរ ស្វាយស្រស់ជាដើម។តាមរយៈការចុះអនុសារណៈនេះ បង្ហាញឱ្យឃើញថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាកំពុងងាកទៅរកភាពរីកចម្រើន និងកំពុងទទួលបានការនាំចេញកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ៕
ដោយ៖សហការី