ព័ត៌មានទាន់ហេតុការណ៍៖

យានដ្ឋានជួសជុលរថយន្តមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមីនា​ ឆ្នាំ២០២៣​ នៅយានដ្ឋានជួសជុលរថយន្តយីហោហ្គោល​ ធិច​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ គិត​ ចន្ថា​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជួសជុលរថយន្ត។ ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះសាងសង់អំពីថ្មបេតុង​ ប្រក់ស័ង្កសី​ ទំហំទទឹង១៥ម៉ែត្រ​ បណ្តោយ៣០ម៉ែត្រ​ ។

   ក្នុងហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះខូចខាតរថយន្ត Toyota Pruis 05 ពណ៌មាស ចំនួន ០១គ្រឿង, ម៉ាក Ford Transit ១៩ ពណ៌ស ចំនួន០១គ្រឿង, ម៉ូតូម៉ាក Honda Wave ចំនួន ០១គ្រឿង និងប្រេងម៉ាស៊ីន Castrol ចំនួន ៣០កេស  តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ​ ។ 

   នៅវេលាម៉ោង​៣និង៥០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១២គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ ១ឡានស្មើនឹង០៦ម៉ែត្រគូប៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖