ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់អ្នកនយោបាយ និងបុគ្គលមួយចំនួនទៀត ដែលចូលចិត្តណាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែបែរជាមើលរំលងសិទ្ធិរស់រានមានជីវិត។
ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ មិនមែននៅទីក្រុងទេ គឺពង្រាយដល់ជនបទ ដោយសារតែរាជរដ្ឋាភិបាលតែងយកអាទិភាពជាងគេ គឺសិទ្ធិរស់រានមានជីវិត។
សម្តេចតេជោបញ្ជាក់ដូច្នេះថា៖ «អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង “សិទ្ធិមនុស្ស ប្រជាធិបតេយ្យ” ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាធ្វើរំលង បញ្ហាសន្តិភាព ឬសង្គ្រាមគឺពួកគេចង់តែបំផ្លាញ ប៉ុន្តែអត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ»។
សម្តេចបានបន្តថា ប្រសិនបើមិនបានគិតដល់សិទ្ធិរស់រានមានជីវិតនោះសិទ្ធិអ្វីផ្សេងទៀត ក៏ត្រូវបាត់បង់ដែរ រាប់ទាំងសិទ្ធិធ្វើសកម្មភាពនយោបាយ និងសកម្មភាពអង្គការសង្គមស៊ីវិលផងដែរ។ សម្តេចបានបន្ទោសក្រុមអ្នកមើលរំលងសិទ្ធិរស់រានមានជីវិតទាំងនោះថា មិនយល់អំពីឫសគល់នៃសិទ្ធិ ដែលចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត។
សម្តេចបានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាល ធ្វើអ្វីក៏ធ្វើដែរឱ្យតែជីវិតប្រជាជនគង់វង្ស បន្ទាប់ពីនោះចាំនិយាយទៅដល់សិទ្ធិផ្សេង ប៉ុន្តែអ្នកដទៃគិតថា នៅពេលដែលយើងយកចិត្តទុកដាក់ទៅលើសិទ្ធិរស់រានមានជីវិត បែរជារអ៊ូរទាំជាមួយយើងថា “មិនបានគិតអំពីសិទ្ធិបញ្ចេញមតិ មិនបានគិតអំពីសិទ្ធិមនុស្ស”»៕
ដោយ ៖ សហការី