ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចពុំមានសញ្ជាតិច្រើនទេ មានតែនៅស្រុកខ្មែរខាំស្មៅបម្រើប្រជាជនកម្ពុជា ចំណែកអ្នកដែលគេមានសញ្ជាតិច្រើន គេអាងអីរត់ប្រិបប្រុចៗទៅក្រៅប្រទេសបាត់។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លែងណាដែលប្រជាជនមានទុក្ខលំបាក គឺមានមុខសម្តេចចុះជួយដោះស្រាយជានិច្ច ចំណែកកន្លែងណាដែលប្រជាជនសប្បាយរីករាយ សម្តេច ក៏មានចិត្តសប្បាយរីករាយផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអភិបាលខេត្តនានាគិតឡើងវិញពីការសាងសង់ផ្លូវដែលមានគុណភាពជាជាងត្រឹមតែដូរឈ្មោះផ្លូវ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដូរឈ្មោះនេះមិនត្រឹមបង្កការលំបាកដល់ពលរដ្ឋក្នុងការកត់សម្គាល់ផ្លូវនោះទេ សូម្បីសម្ដេចដែលជានាយករដ្ឋមន្ត្រីក៏មិនដឹងឈ្មោះផ្លូវដែលអភិបាលខេត្តទាំងនោះប្ដូរផង៕
ដោយ ៖ សហការី