ទីក្រុងប៉េកាំង ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជសារសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់ ជនរួមជាតិនិងអន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះ ព្រឹត្តិការណ៍ នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆាបឆេះនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងមកនេះ។
ព្រះរាជសារ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
ប៉េកាំង ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣
ជូនចំពោះជនរួមជាតិ ជាទីស្នេហា
ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានផ្ញើរសារមកខ្ញុំផ្ទាល់ និង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបនាយប់ថ្ងៃទី ១២ ខ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងទៅនេះ ។
ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់ ។ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះ វររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។ រវាងខែមិថុនាដល់ខែវិច្ឆិកា១៩៥៣ ខ្ញុំមានមហាកិត្តិយសបានដង្ហែរព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងផ្លួវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះ បរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្ឋត់អគ្គីភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ ។
តាមសេចក្ដីទួលស្នើសុំរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។ សូមកូនចៅជាទីគោរពទាំងអស់ទទួលនូវសេចក្តីនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅអំពី ព្រះករុណាព្រះមហាក្សត្រ និងខ្ញុំ ៕
ដោយ ៖ សិលា