ព័ត៌មានទាន់ហេតុការណ៍៖

ថៃ ៖ ពិតជាគ្រោះថ្នាក់ ធុងវិទ្យុសកម្មដ៏គ្រោះថ្នាក់បានបាត់ជាច្រើនថ្ងៃ រកមិនទាន់ឃើញ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសថៃ កំពុងព្យាយាមតាមស្វែងរកធុងដែករាងស៉ីឡាំងមួយមានផ្ទុកសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ ដែលបានបាត់ចេញពីស្ថានីយថាមពលមួយកន្លែង ជាមួយការព្រមានថាសារធាតុ វិទ្យុសកម្មនេះអាចនឹងហានិភ័យគ្រោះថ្នាក់ខ្ពស់ដល់សុខភាព បើប៉ះពាល់ដោយផ្ទាល់។
អាជ្ញាធរថៃបានឱ្យដឹងដែរថា បុគ្គលិកនៅឯរោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅក្នុងខេត្ត ផ្រាចីបុរី Prachinburi ស្ថិតនៅភាគខាងកើតទីក្រុងបាងកក បានរាយការណ៍ពីការបាត់ធុងដែករាង ស៊ីឡាំងខាងលើ កំឡុងការត្រួតពិនិត្យប្រចាំថ្ងៃកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ធុងដែកនេះមានបណ្ដោយ៣០សង់ទីម៉ែត្រ និងទទឹង ១៣សង់ទីម៉ែត្រ ខណៈធុងដែកនេះត្រូវបានគេជឿជាក់ថាបានធ្លាក់ចេញពីជញ្ជាំង មួយដែលមានកម្ពស់ ១៨ម៉ែត្រ កាលពីប៉ុន្មានថ្ងៃមុន។
យុទ្ធនាការស្វែងរក និងការកំណត់ទីតាំងធុងដែកផ្ទុកសារធាតុវិទ្យុសកម្មមានទម្ងន់២៥គីឡូ បានចំណាយពេលអស់ជាច្រើនថ្ងៃមកហើយ។ ធុងដែកនេះត្រូវបានគេរាយការណ៍ថាមានផ្ទុកសារធាតុសេស្យ៉ូម-១៣៧ (Caesium-137) ប៉ុន្តែមិនមានការបញ្ជាក់ថាតើសារធាតុនេះមានបរិមាណប៉ុន្មាននៅក្នុងធុងដែកនេះនោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Bangkok Post)


ចែករំលែក៖