ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សារាជធានី គាំទ្រសកម្មភាពអាជ្ញាធរ បានយកចិត្តទុកដាក់បង្ក្រាប បទល្មើស គ្រឿងញៀន និងក្មេងទំនើងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរឱ្យបានថយចុះក្នុងខែកុម្ភៈកន្លង មកនេះ។ ទន្ទឹមនេះក៏បានយកចិត្តទុកដាក់បង្ក្រាប បទល្មើស គ្រឿងញៀន និងក្មេងទំនើងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អផងដែរ។

   ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ខណៈលោកនិងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

    លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះការអនុវត្តច្បាប់ចរាចរ ដោយប្រើវិធានការអប់រំ ច្រើនជាងការផាកវិន័យ និងបានយកចិត្តទុកដាក់ អប់រំ ណែនាំ ក្នុងការរៀបចំសណ្តាប់ធ្នាប់បានល្អ ដល់អ្នកលក់ដូរចល័ត និងអ្នក លក់ដូរនៅនឹងកន្លែង។

   បើតាមលោក ហុក ហួលីម នាយករដ្ឋបាលស្តីទីនៃរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ បទល្មើសព្រហ្មទណ្ឌកើតមាន ៤៧លើក/៥២លើក ថយចុះ ៥លើក ស្មើនឹង ៩.៦១%។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ៖ បាន ៣៦ករណី ឃាត់ខ្លួន ៥៨នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១០៩ករណី ឃាត់ខ្លួន ១៩១នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧០ករណី ឃាត់ខ្លួន ១១៤នាក់ (សី ៥នាក់) ពីបទបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ បានចំនួន ៥ករណី ឃាត់ខ្លួន ៣៦នាក់ (ស្រី ២នាក់) ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។បង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បាន ១ករណី ឃាត់ខ្លួន ១នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច លេខ ០៣១/២២ សសរ.ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈ- កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេច លេខ ០៦៧/២២ សសរធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈ-កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងពិន្ទុសូចនាករកម្មវិធីពានរង្វាន់សេវាសង្គមនៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២ (ទម្រង់“រខ១”ពិន្ទុសូចនាកររាជធានីខេត្ត៕

ដោយ ៖ សំរិត


ចែករំលែក៖