ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស ៦០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១៤ ខែមីនា ម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៣​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៦០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​បញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង​ ៦០នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១១ករណី​ និងជនសង្ស័យ​ ៣៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន​ ១៣ករណី។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។ 

បន្ថែមពីនេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖