ក្លិបហង្សក្រហម Liverpool នឹងដំឡើងថ្លៃសំបុត្ររដូវកាលក្រោយរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំ ដោយសារការកើនឡើងនៃថ្លៃដើម។នេះបើយោងតាមក្លិប Premier League បានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ មីនានៅក្នុងការសម្រេចចិត្តមួយដែលក្រុមប្រឹក្សាអ្នកគាំទ្រក្លិបហៅថា “ហួសហេតុ និងអយុត្តិធម៌” ។
ក្លិបនឹងបន្តបង្កកតម្លៃសម្រាប់ក្មេងតូចៗ និងការលក់ទូទៅក្នុងតំបន់ ដែលនឹងនៅតែមានតម្លៃ៩ផោន (១១ដុល្លារ) ក្នុងមួយសំបុត្រ ហើយអះអាងថា មិនលើសពី១៧ផោននឹងត្រូវបញ្ចូលទៅក្នុងតម្លៃសំបុត្ររដូវកាល។
Liverpool បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងនេះគឺជាលទ្ធផលនៃការកើនឡើងតម្លៃដ៏សំខាន់នៅទូទាំងក្លិប។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការចំណាយប្រតិបត្តិការប្រចាំឆ្នាំសម្រាប់កីឡដ្ឋាន Anfield បានកើនឡើងជិត៤០ភាគរយ ហើយការចំណាយលើការប្រើប្រាស់បានកើនឡើង១០០ភាគរយនៅរដូវកាលនេះ។
ក្រុមប្រឹក្សាអ្នកគាំទ្រក្លិបហង្សក្រហម LFC បានហៅការដំឡើងតម្លៃនេះថា “ហួសហេតុ ឃោរឃៅ អយុត្តិធម៌ មិនសមហេតុផល” ចំពេលមានវិបត្តិតម្លៃនៃការរស់នៅក្នុងប្រទេសអង់គ្លេស ដែលអតិផរណាប្រចាំឆ្នាំនៅតែលើសពី១០ភាគរយ។
ក្រុមប្រឹក្សាអ្នកគាំទ្របាននិយាយថា ការកើនឡើងទាំងនេះក៏កើតមានឡើងនៅពេលដែល LFC កំពុងរាយការណ៍ពីប្រាក់ចំណូល ការកើនឡើងប្រាក់ចំណូលឧបត្ថម្ភ និងការកើនឡើងគួរឱ្យកត់សម្គាល់ពីភាពជោគជ័យនៅលើទីលាន។ ខ្លួនបានស្នើជម្រើសផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងឧបត្ថម្ភ និងសិទ្ធិដាក់ឈ្មោះ ដើម្បីបង្កើតប្រាក់ចំណូលស្មើនឹងការកើនឡើងតម្លៃ២ភាគរយ។
Liverpool ដែលឥឡូវឈរលេខ៦ក្នុងតារាង Premier League នឹងបាត់បង់ប្រាក់ចំណូលពី Champions League នៅរដូវកាលក្រោយ ប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះការប្រកួតនោះ ឬបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៃលីកក្នុងស្រុក។
ក្រុមហង្សក្រហមនឹងធ្វើដំណើរទៅទឹកដី Real Madrid នៅយប់ថ្ងៃពុធនេះសម្រាប់ជើងទី២នៃការប្រកួត Champions League ជុំទី១៦របស់ពួកគេ បន្ទាប់ពីចាញ់ជើងទីមួយ ៥–២ នៅក្នុងទឹកដីកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)