ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅ ទី១​៥​ ខែមីនា​​ ឆ្នាំ​២០២៣នេះ​ អនុវត្តតាមនីតិវិធី​៕

សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ​២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបេីកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់​ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន​ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ប៉ៅ សុធី (ហៅ វែង)​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទឹកថ្លា សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ វត្ថុតាង​ចាប់បានរួមមាន​៖​ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០១កូនថង់កិប ទម្ងន់ ២,៧៤ក្រាម​ និងម៉ូតូកែច្នៃ ចំនួន០១គ្រឿង។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បន្តថា​ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ​២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រក្រុង លុះមកដល់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជនសង្ស័យ​ម្នាក់កំពុងជិះម៉ូតូគួរឱ្យសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ ក៏បានហៅសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញមានគ្រឿងញៀន​ ហើយធ្វេីការឃាត់ខ្លួនភ្លាមៗតែម្តងហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។ បន្ទាប់ពីឃាត់ខ្លួន​ និងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា​ រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ 

ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្កែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿង​បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

 បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ ៖ វណ្ណា


ចែករំលែក៖