ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីត្មាតត្នោត Slender-billed Vulture មានឈ្មោះវិទ្យាសាស្ត្រ Gyps tenuirostris ជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ត្មាតត្នោត ក្នុងបញ្ជីក្រហម IUCN មានការកត់ត្រា ភាគច្រើននៅតំបន់ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា៖ ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ច្រើនរស់នៅតាមតំបន់ ព្រៃក្បោះ និងព្រៃពាក់កណ្ដាលស្រោង ហើយមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។
បន្ថែមពីនេះ ក្រសួងក៏បានបញ្ជាក់ដែរថា វាមានដងខ្លួនពណ៌ត្នោត កវែង និងក្បាលខ្មៅ ចំពុះស្តើងវែងជាងត្មាតដទៃ រោម ក និងចុងខ្នងពណ៌ស ហើយការរស់នៅរបស់វាមិនខុសពីត្មាតផ្សេងៗទៀតនោះទេគឺ រស់នៅជាហ្វូង និងស៊ីសាកសពជាអាហារ៕
ដោយ៖សហការី