ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុម សុឃីម ស្នងការរងរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ខណៈរដូវប្រាំងនេះគ្រោះអគ្គិភ័យកើតឡើងញឹកញាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុម សុឃីម ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ មានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញកត្តាគ្រោះអគ្គិភ័យកើតឡើងភាគច្រើនដោយ សារ តែកត្តាឆ្លងចរន្ដអគ្គិសនី។ ចំពោះកត្តាឆ្លងចរន្ដអគ្គិសនី នេះ គឺកើតឡើងជាញឹកញាប់ ហើយប្រជាជនបានលើកជាសំណួរថា នៅពេលភ្ជាប់ចរន្ដអគ្គិសនីចូលផ្ទះ គឺធ្វើឡើងដោយមន្រ្ដីអគ្គិសនី ចុះហេតុអ្វីបានជាតែងតែមានករណីឆ្លងចរន្ដទៅវិញ។

លោកស្នងការរង បានពន្យល់ថា នៅពេលភ្ជាប់ចរន្ដចូលផ្ទះ គឺបានធ្វើរៀបរយហើយ ប៉ុន្ដែម្ចាស់ផ្ទះដែលជាអ្នកប្រើប្រាស់ ខ្លះប្រើដោយធ្វេសប្រហែស ប្រើលើសគីឡូវ៉ាត់ និងខ្លះទៀតធ្វើជាជាងតចរន្តអគ្គិសនីដោយ ខ្លួនឯង ដែលនាំឲ្យចរន្ដអគ្គិសនីឆ្លងចរន្ដបង្កជាអគ្គិភ័យ។ ប្រការនេះមានតែការប្រុងប្រយ័ត្នជាពិសេសកុំប្រើឲ្យលើសកម្លាំងថាមពលដែលតចូល។ 

ដោយឡែកពាក់ព័ន្ធនិងបំពង់ពន្លត់អគ្គិភ័យវិញ លោក ស្នងការរង ស៊ុម សុឃីម បញ្ជាក់ថា ប្រជាជនក្នុងរាជ ធានីភ្នំពេញ មានការយល់ដឹងច្រើន តាមផ្ទះភាគច្រើនគឺមានបំពង់ពន្លត់អគ្គិភ័យ។ ប៉ុន្ដែបញ្ហាចោទនៅត្រង់ថា បំពង់ពន្លត់អគ្គិភ័យមិនទុកនៅមុខផ្ទះទេ បែរជាយកទៅទុកក្នុងផ្ទះបាយ នៅពេលដែលភ្លើងឆេះផ្ទះងងឹតមិនអាចយកមកពន្លត់ទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ លោកស្នងការរង ទទូចដល់ប្រជាជន នៅពេលដែលមានតម្រូវការប្រើប្រាស់ចរន្ដអគ្គិសនីបន្ថែម សូមកុំព្យាយាមធ្វើជាជាងភ្លើងដោយ ខ្លួនឯង ពីព្រោះវាបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងទេ វាក៏បង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ លោកបន្តថា ការ ប្រើប្រាស់ចរន្ដអគ្គិសនីនេះ គឺជារឿងចាំបាច់សូមកុំស្ដាយ ប្រាក់ សូមទាក់ទងក្រុមជំនាញអគ្គិសនីមកធ្វើការភ្ជាប់ជូនដើម្បីសុវត្ថិភាព។ បន្ថែមពីនេះមុនពេលចាកចេញពីលំនៅឋាន សូមបិទភ្លើងឲ្យបានរៀបរយ ហើយយកល្អដែលមានសុវត្ថិភាពបំផុត គឺការបិទបារ៉ែតភ្លើងតែងម្ដង៕

ដោយ៖ សូរិយា


ចែករំលែក៖