ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃចំនួន៤នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បានបញ្ជូនជនសង្ស័យជនជាតិថៃទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៦​ ខែមីនា​​ ឆ្នាំ​២០២៣​នេះដើម្បីចាត់ការតាមផ្លូវច្បាប់។   សមត្ថកិច្ចបានប្រាប់ថា នៅរសៀលម៉ោង១៣និង៣៩នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃ​០៤នាក់ករណីរំលោភសេពសន្ថវៈ​មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ​ អាយុ១៧ឆ្នាំ ជាជនជាតិ​ថៃ​ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

    លោក​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ទាំង៤នាក់​ ១-ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។​ ២-ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។​ ៣-ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។​ ៤-ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ​ ។ ជនសង្ស័យ​ទាំង៤នាក់​ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ។

លោក​បន្តថា​  ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ​ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួននិងសួរ​នាំរួច ជនសង្ស័យទាំង៤នាក់​ បានឆ្លេីយថា​ ពួកខ្លួនពិតបាន​រំលោភសេពសន្ថវៈ​លើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព​ ជនសង្ស័យ​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿង​បញ្ចូនមកកាន់កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដើម្បីចាត់ការបន្តតាមនីតិវិធី​។

     លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ផងដែរ ។ 

   បច្ចុប្បន្នជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖