បើតាមតួលេខនៅលើពិភពលោកស្តីពីមហាអំណាចសេដ្ឋកិច្ច ជប៉ុនឈរលំដាប់ទី៣ បន្ទាប់ពីចិន ហើយកូរ៉េខាងត្បូង ឈរលំដាប់ទី១០នៅលើពិភពលោក។ ប៉ុន្តែបើគិតនៅក្នុងតំបន់អាស៊ីវិញ ចិនលេខមួយ ជប៉ុនលេខពីរ និងកូរ៉េខាងត្បូងលេខ៣។
នៅពេលនេះចិនសង្ឈឹមថា ការបើកទំព័រថ្មីនៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ ដែលមិនបង្កអស្ថិរភាពក្នុងតំបន់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងនឹងប្លុកផ្តាច់មុខនៃប្រទេសនីមួយៗ ហើយសង្ឃឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សារព័ត៌មានស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា «ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ប្រទេសចិនបានកត់សម្គាល់ពីអន្តរកម្មនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ»។
លោក Wang បានកត់សម្គាល់ថា ការឈ្លានពាននិងការគ្រប់គ្រងអាណានិគមនៃរបបយោធានិយមរបស់ជប៉ុនកាលពីអតីតកាលបាននាំមកនូវគ្រោះមហន្តរាយដ៏ធំដល់ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជាអាស៊ីទាំងមូល។
ដោយកត់សម្គាល់ថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក លោក Wang បាននិយាយថា វាគឺជាផលប្រយោជន៍រួមរបស់ភាគីទាំងបី និងក្នុងតំបន់ ដើម្បីរួមគ្នារក្សាស្ថិរភាព និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយគ្មានការរារាំងនៅកម្រិតតំបន់និងពិភពលោក៕ ដោយ៖ ធីរីណា
រូបថត ៖ YONHAP