ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖​ «កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី»

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ «កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី»។

នេះជាប្រសាសន៍លើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីពិសាអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នារាត្រីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ 

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី មកពីមន្ទីរ សា្ថប័ន ជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យក្រសួងបរិស្ថានដំណើរការទៅបានយ៉ាងរលូន ជាមួយគ្នានោះ ក៏ធ្វើឱ្យមានការផ្លាស់ប្តូរលើវិស័យបរិស្ថានផងដែរ។ ដែលទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បងប្អូនមន្ត្រីរាជការដែលជាស្ត្រី។ 

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថានមានមន្ត្រីជាស្ត្រីចាប់ពីថ្នាក់មន្ត្រីរហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្រសួងបរិស្ថាន ក៏បានបណ្តុះអ្នកបន្តវេនជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យទៅសិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយផលិតភាពរបស់ក្រសួងបរិស្ថាន។ 

ជាមួយគ្នានេះ លើវិស័យកិច្ចគាំពារបរិស្ថាន បងប្អូនស្ត្រីបានចូលរួមអនុវត្ត និងដឹកនាំគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះបណ្តាលជាដើម។ ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យបរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយសង្គមជាតិតែម្តង។ 

គួររម្លឹកឱ្យដឹងថា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕

ដោយ​៖សហការី​


ចែករំលែក៖