ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ាង សុផល្លែត ៖​ គម្រោង PEARL នឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាប​ ចំនួន​៤ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។

គួរបញ្ជាក់ថាពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ នាទីស្តីការក្រសួងបរិស្ថាន។ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុងកម្ពុជាសម្រាប់មូលនិធិអាកាសធាតុ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។

    ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋលេខាធិការ បានលើកឡើងថា៖នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយចំនួនដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោងត្រូវមានការចូលរួមពីក្រសួងក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។

     លោក អ៊ាង សុផល្លែតបានមានប្រសាសន៍ដោយបញ្ជាក់ថា៖”គម្រោងនេះនឹងបានក្លាយជាគម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង “។

    សូមបញ្ជាក់ផងដែរ គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។ 

     គម្រោងមួយនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ០៦ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង៦,៦លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕

ដោយ​៖សហការី​


ចែករំលែក៖