ភ្នំពេញ ៖ បេីគិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ មានរថយន្តស៊េរីទំនើបចំនួន៤គ្រឿងហេីយត្រូវបានអគ្គិភ័យឆាបឆេះ មានខ្លះឆេះខ្ទេចអស់ទាំងស្រុង និងខ្លះឆេះអស់៦០%ទៅ៧០% ដោយសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។
គួរបញ្ចាក់ថា រថយន្តទំនេីបចំនួន០៤គ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន ៖
ករណីទី១. កាលពីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ រថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៥៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីទី២. កើតឡើងកាលពីល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ រថយន្តម៉ាក MERCEDES BENZ C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា N.M.9699 ត្រូវបានភ្លើងឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ-ភ្នំពេញ។
ករណីទី៣. កើតឡើងកាលពីវេលាម៉ោងជាង ០៦ល្ងាចថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៣ រថយន្ត RANGE ROVER ពណ៌ស ត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ករណីទី៤. រថយន្ត RANGE ROVER ស៊េរីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿន ចម្ងាយពីច្រកចេញចូលបង់ប្រាក់រាជធានីភ្នំពេញប្រមាណ២គីឡូម៉ែត្រ ដែលកើតឡើងកាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយ័ត្នមុនពេលបេីកបរ ដោយពិនិត្យយានយន្តរបស់លោកអ្នកឱ្យបានគ្រប់ជ្រុងជ្រោយ ថាតើអាចដំណេីរការបានល្អ ឬយ៉ាងណានៅពេលធ្វេីដំណេីរ ៕
ដោយ ៖ ភារ៉ា ដង្កោ