ភ្នំពេញ៖ រថយន្តឡិចសុីសRX-300មួយគ្រឿងបានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្តបង្កហេតុខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចស៊ីសRX-300មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AO-0159ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មវៀចចេញពីជួរមួយកង់។ ចំណែករថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ