ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាត្រៃតុន បុករថយន្តក្រុងក្រុមហ៊ុនម៉េង លី ដឹកអ្នកដំណើរបណ្ដាលឱ្យស្លាប់២នាក់និង១១នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់និង១១នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍រថយន្តក្រុងបុកជាមួយនឹងរថយន្តត្រៃតុន ក្នុងដំណើរច្រាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្ត សញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ។

    ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រៃតុន ពាក់ស្លាកលេខខេមរភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីទិសខាងជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងរថយន្តក្រុងរបស់ក្រុមហ៊ុនម៉េង លី ពណ៌ក្រហម ពាក់សាកលេខសៀមរាប3A.1552 ។ 

    ក្នុងហេតុការណ៍នោះបណ្ដាលឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតាត្រៃតុន ២នាក់បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យម្នាក់) និង១១នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានមកវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖