ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣»

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសដ៏ឧត្ដុង្គឧត្តមនៃខួប៧ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា … ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីស្រលាញ់ រាប់អានយ៉ាងកក់ក្តៅបំផុត និងសូមជូនពរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ- ឡានឆាង សូមឱ្យមានសុខភាពល្អ ជន្មាយុយឺនយូរ និងវិបុលភាព។ ខ្ញុំមានសេចក្ដីពេញចិត្តក្នុងការចែក រំលែកសារផ្ទាល់ខ្លួនក្នុងឱកាស «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣»។

នៅក្នុងបរិបទពិភពលោកកំពុងធូរស្រាលឡើងវិញពីវិបត្តិសុខភាពសកលដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងកំពុងជួបប្រទះជាមួយភាពមិនច្បាស់លាស់មួយចំនួន យើងបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ឱ្យកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងអស់នេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និង ការបើកទូលាយក្នុងតំបន់។ ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ តាមរយៈការជំរុញកិច្ចសហការយ៉ាងជិត ស្និទ្ធរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង និងការសង្កត់ធ្ងន់លើបំណងប្រាថ្នារួមរបស់យើង ក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងអនាគតរួមគ្នាប្រកបដោយវិបុលភាព យន្តការរបស់យើងរក្សាបាននូវការរីក ចម្រើនលើគ្រប់រូបភាពនៃការអភិវឌ្ឍន៍ ជាពិសេសផ្តោតសំខាន់លើការកសាងភាពធន់របស់យើង តាមរយៈ កំណើនប្រកបដោយចីរភាព។

ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ យើងនឹងផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក។ ខ្ញុំមានសេចក្ដីពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-ឡានឆាង លើកទី៧ កាលពីឆ្នាំមុន នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អ សំដៅជំរុញសមាហរណកម្មនៅក្នុងអនុ តំបន់របស់យើង។

បន្ថែមលើនេះ លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្ដែងរបស់ប្រជាជនយើងនៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិ ពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក។ វិសាលភាពនៃសកម្មភាពកិច្ចសហ- ប្រតិបត្តិការនេះ មានភាពចម្រុះ និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទ ទៀត។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមយ៉ាងសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធានាភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះរហូតមកដល់សព្វថ្ងៃ។

ខ្ញុំទន្ទឹងរង់ចាំនូវការវិវត្តទៅមុខនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការ អនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្ដួចផ្ដើម អភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងឈានទៅសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាព ជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្ដរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។ នៅក្នុងបរិបទនេះ កម្ពុជានឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់យើង ក្នុងការកសាង សហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព៕

ដោយ ៖ សិលា


ចែករំលែក៖