ខេត្តប៉ៃលិន៖ បើតាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្តមួយគ្រឿងអ្នកបើក បរបើកខ្វះការប្រុងប្រយ័ត្នមិនមើលឆ្វេងស្ដាំបានទៅកៀរអ្នកបើកបរម៉ូតូនៅពីមុខខ្លួនបណ្ដាលឱ្យដួលរងរបួសធ្ងន់២នាក់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូនេះ ស្ថិតនៅចំណុចលើផ្លូវក្រួសក្រហម ក្នុងភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើឱ្យខូចខាតម៉ូតូ០១គ្រឿងធ្ងន់ រីឯរថយន្តខូចខាតស្រាល។
ប្រភពបានបន្តថា យុវជនដែលរងគ្រោះឈ្មោះ ផា សុផៃ ភេទប្រុស អាយុ១៤ឆ្នាំ (មុខរបរសិស្ស) រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ប៉ៃលិន1C.1782 (របួសធ្ងន់)។ រីឯអ្នករួមដំណើរឈ្មោះ ប៉ុក ធូ ភេទស្រី អាយុ៥៨ ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់)។
អ្នកបើកបររថយន្តបង្កម៉ាកTOYOTA TACOMA ស៊េរីឆ្នាំ2006 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7659 (បានបើករត់គេចចេញពីកន្លែងកើតហេតុ)។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះមកពីកត្តាមនុស្ស បើកបរក្នុងល្បឿនលឿន(រថយន្ត)ខ្វះការប្រុងប្រយ័ត្ន។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យឯកជន(សារ៉ាឌី)ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញសណ្នាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សារ៉េត