ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងបន្តបាញ់មីស៊ីលចេញពីឆ្នេរសមុទ្រ

ចែករំលែក៖

សារព័ត៌មាន AFPបានផ្សាយថា នៅថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ យោធាកូរ៉េខាងត្បូងបានអះអាងថា នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ដែលជាសកម្មភាពធ្វើតេស្តសព្វាវុធចុងក្រោយបំផុតដោយទីក្រុងព្យុងយ៉ាង ស្របពេលដែលសមយុទ្ធយោធារួមគ្នារវាងកងកម្លាំងយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ត្រៀមបិទបញ្ចប់។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលគ្រូសទាំងនោះត្រូវបានបាញ់កាលពីវេលាខ្ទង់ម៉ោង១០ៈ១៥នាទីព្រឹក ចេញពីខេត្តហាមយ៉ុងខាងត្បូង ( South Hamgyong) នៃប្រទេសកូរ៉េខាងជើង។ វាមិនទាន់ច្បាស់នៅឡើយទេថា មីស៉ីលគ្រូសដែលទីក្រុងព្យុងយ៉ាងបានបាញ់នោះមានចំនួនប៉ុន្មានគ្រាប់ឬជាប្រភេទណាឱ្យប្រាកដនោះទេ។ កាលពីថ្ងៃទី១២ ខែមីនា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានប្រកាសថា ខ្លួនបានបាញ់តេស្តមីស៉ីលគ្រូសយុទ្ធសាស្រ្តចំនួន២គ្រាប់ចេញពីនាវាមុជទឹក។
សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក កំពុងត្រៀមបិទបញ្ចប់សមយុទ្ធយោធារួម ដែលមានរយៈពេលសរុប១១ថ្ងៃរបស់ពួកគេ ហៅថា សមយុទ្ធខែលសេរីភាពឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជាយូរមកហើយ កូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធរវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ជាសកម្មភាពបង្កហេតុ ក្រោមការចោទប្រកាន់ថា គឺជាការហាត់សមត្រៀមដើម្បីបើកការឈ្លានពានទៅលើខ្លួន។
យ៉ាងណាមិញ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបដិសេធចំពោះការចោទប្រកាន់របស់កូរ៉េខាងជើង ហើយអះអាងថា ការបង្កើនការធ្វើសមយុទ្ធយោធារបស់ពួកគេ គឺដើម្បីតែត្រៀមលក្ខណៈទប់ទល់នឹងការបង្កហេតុរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ កាលពីចុងសប្តាហ៍កន្លងទៅ ទីក្រុងព្យុងយ៉ាងបានធ្វើបាញ់សាកល្បងមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ចូលសមុទ្រខាងកើត ក្នុងសកម្មភាពដែលខ្លួនហៅថា ជាការធ្វើសមយុទ្ធវាយបកដោយអាវុធនុយក្លេអ៊ែរ ទៅលើសត្រូវ៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖