ព័ត៌មានទាន់ហេតុការណ៍៖

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅឱ្យរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រីប្រធានការិយាល័យ  លោក​ ​ លោកស្រីចៅសង្កាត់​  លោកមេប៉ុស្តី​ និងស្មៀនសង្កាត់ទាំង៨ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៏ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តអោយទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។  ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានត្រូវចុះល្បាតជាប្រចាំនៅតាមគោលដៅងាយរងគ្រោះរួមមាន៖ គោលដៅចោរកម្ម, គោលដៅស្មុគស្មាញ, គោលដៅក្មេងទំនើង, គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។ ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទដោយធ្វើការណែនាំអោយម្ចាស់ទីតាំងហាមកុំអោយទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បើហ៊ានទិញត្រូវប្រឈមមុខជាមួយច្បាប់ និយាយរួមជាអ្នកបម្រើប្រជាពលរដ្ឋ។ ដូច្នេះត្រូវពង្រឹងការទទួលខុលត្រូវចំពោះមុខតួនាទីភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួនដើម្បីប្រជាពលរដ្ឋ ។ គោលដៅសំខាន់មួយទៀតត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ។ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយមូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន។   មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុខុដុមរមនា។ 

ក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបំផុសដល់ប្រជាពលរដ្ឋអោយចូលរួមលេងល្បែងប្រជាប្រិយនៅសង្ក្រាន្តតាមវត្តអារាម ជាពិសេសផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីកម្មវិធីសង្ក្រាន្តនៅអង្គរវត្តនិងនៅរម្មណីដ្ឋានវត្តភ្នំ  និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងកីឡាប៉ារ៉ាហ្គេមដែលនឹងចូលមកដល់នៅពេលខាងមុខ ។

ចំណុចប្រឈមមួយទៀតត្រូវរួមគ្នាខិតខំប្រឹងប្រែងសម្រួលចរាចរណ៍លើផ្លូវជាតិលេខ១  ផ្លូវព្រែកបារាំង និងផ្លូវ៣៦៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយរលូន  និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធអោយច្រើនជាអតិបរមា ៕ 

ដោយ ៖ សណ្តោស


ចែករំលែក៖