ព័ត៌មានទាន់ហេតុការណ៍៖

បើកបររថយន្តក្នុងស្ថានភាពស្រវឹងទៅបុករបងផ្ទះមន្រ្តីយោធាខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងជោកជាំបានជ្រុលទៅបុករបងផ្ទះមន្រ្តីយោធាម្នាក់ខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣លើកំណាត់ផ្លូវជាតិលេខ៣៧៧ ក្រចេះ-ខ្លាស្ទុះ ភូមិស្តែស្ដៅ១ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។

ប្រភពពីនគរបាលចរាចរណ៍បានឱ្យដឹងថា រថយន្ដបង្កហេតុនោះម៉ាក SEMI TRAILER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-9737បើកបរដោយឈ្មោះ គង់ ស្នេហ៍ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ត្រាច សង្កាត់រមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។

អ្នករួមដំណើរម្នាក់ឈ្មោះ ខឿន វីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពាមរ ឃុំពាមរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ប្រភពបន្តបានឱ្យដឹងថា រថយន្ដខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុករបងផ្ទះមន្ត្រីយោធា ឈ្មោះ ក្រាញ់ ផល្លា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើរងការខូចខាតរបងផ្ទះនិងបង្គោលភ្លើងមួយដើមផងដែរ។

បច្ចុប្បន្ន អ្នកបើកបរត្រូវបាននគរបាលចរាចរណ៍នាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ចំណែករថយន្ដមិនទាន់ស្ទួចរួចរាល់នៅឡើយទេគឺរក្សានៅកន្លែងកើតហេតុ៕

ដោយ ៖ ជីវន្ត


ចែករំលែក៖