ព័ត៌មានទាន់ហេតុការណ៍៖

ក្ងោក​ Green Peafow ៖​ ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សត្វក្ងោក – Green Peafow៖ មានឈ្មោះវិទ្យាសាស្ត្រ Pavo muticus ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

វាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវបន្តពូជសត្វ ឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារកចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ។ 

គួរជម្រាបផងដែរថា​ បើយោងតាមសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសត្វក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី។​ ជាក់ស្ដែង​គេឃើញមានវត្តមានក្ងោករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ការពារធម្មជាតិ។​ អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។

ក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។​ ក្ងោក តែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ៕

ដោយ​៖ សហការី​


ចែករំលែក៖