ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់ផលប៉ះពាល់ ក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើឱ្យមានការខូចខាត របង ដំណាំផ្សេងៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលឆ្លងកាត់ភូមិកំពង់ត្រាចនិងភូមិឈើភ្លើង ស្ថិតក្នុងឃុំកំពង់ត្រាច នេះឲ្យបានប្រសើរ និង សុំការយោគយល់ផលប៉ះពាលក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើឱ្យមានការខូចខាត របង ដំណាំផ្សេងៗព្រោះវាជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផល យកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរឆ្លងកាត់ទៅសាលារៀន។

ការសំណូមពរបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបើកវេទិកាសាធារណ:និងស្ថាបនាផ្លូវ ខេត្តលេខ ៣១៣១ ដោយក្រាល កៅស៊ូបាចថ្មពីរជាន់ DBST ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើម ក្រាលដី ល្បាយថ្ម ទទឹង ១ម៉ែត្រសងខាង ចាប់ពី គីឡូម៉ែត្រ០១+០០០ ដល់ គីឡូម៉ែត្រ០៣+០០០ ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានអញ្ជើញការចូលរួមពីសំណាក់លោកអ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកលោកអធិការលោកមេបញ្ជាការងកងរាជអាវុធហត្ថស្រុកលោកនាយករដ្ឋបាលស្រុកលោកប្រធានភូមិបាលស្រុកលោកមេឃុំ និងអាជ្ញារដែលពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថាសមិទ្ធផល ដោយក្រាល កៅស៊ូបាចថ្មពីរជាន់ DBST ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រដែលកំពុងស្ថាបនានាពេលនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តដែលមាន លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ពិសេស មានលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលតែងតែគិតគូរសុខទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកបានបន្តថា នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរភូមិឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា ៕

ដោយ៖ សុថាន


ចែករំលែក៖