ខេត្តមណ្ឌលគិរី ៖ កាលពី ថ្ងៃទី ២៣ ខែមីនា ឆ្នំា២០២៣ ម្សិលមិញនេះ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានចាប់ខ្លួនបុរសម្នាក់តាមដីកា របស់តុលាការនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី បន្ទាប់ពីជននេះបានប្រព្រឹត្តអំពើមនុស្សឃាត ហើយរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, ជនជាប់ចោទឈ្មោះ ឡេង លិញ ហៅ ឡេង ធឿន អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ រងការចោទពីបទ ឃាតកម្មគិតទុក ជាមុន , ប្រើប្រាស់អាវុធ និងសម្លៀកបំពាក់ឯកសណ្ឋានខុសបទបញ្ជា ប្រព្រឹត្តនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ កុម្ភៈឆ្នាំ២០០៩ ។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចខេត្តមណ្ឌលគិរី ក៏បានផ្ទេរជនសង្ស័យទៅឲ្យអង្គភាពសាម៉ី គឺស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ឈានដល់ផ្តន្ទាទោសដាក់ពន្ធនាគារ តាមកំណត់នៃច្បាប់ ៕
ដោយ ៖ សហការី