ភ្នំពេញ ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនដែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស ទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
លោករដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាង លំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកក៏បានជម្រាបជូនផងដែរ នូវមុខទំនិញ សក្ដានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ។
លោករដ្ឋមន្រ្តី ហេនដឺសា បានកោតសរសើរចំពោះកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបាន ថែរក្សា។ លោករដ្ឋមន្រ្តី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍគឺសន្តិភាពនិងស្ថិរភាព និង បញ្ហាប្រឈមនានាដែលរដ្ឋតូចៗជួបប្រទះ ក្នុងបរិបទការប្រកួតប្រជែងរវាងមហាអំណាច។
ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីស្វែងរកសក្តានុពល នានាក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម ការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ទេសចរណ៍ធម្មជាតិ និងបដិសណ្ឋារកិច្ច ជាដើម។ ភាគី ទាំងពីរបានឯកភាពជាគោលការណ៍ អំពីលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី ជាពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ។
បន្ទាប់ពីកិច្ចពិភាក្សា លោក អ៊ុច បូរិទ្ធ និង លោកបណ្ឌិត វីន ហេនដឺសាន់ បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេស កុំមិនដែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត វីន ហេនដឺសាន់ បានចូលជួបសម្តែង ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកដំណើរទស្សនកិច្ចជាលើក ដំបូងរបស់ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសនាពេលនេះ ជាការចាប់ផ្តើមដ៏ល្អមួយ ដើម្បីស្វែងរកកិច្ចសហ ប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូត អស់រយៈពេល១៣ឆ្នាំកន្លងមក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិង ផ្លូវការ ដែលនឹងបើកផ្លូវឱ្យមានកិច្ចសន្ទនាបន្ថែមទៀត ព្រមទាំងបានលើកឡើងពីវិស័យសំខាន់ៗមួយ ចំនួននៃកិច្ចសហប្រតិបត្តិការសក្តានុពល រួមមាន វិស័យកសិកម្ម នេសាទ និងទេសចរណ៍ ដែល ប្រទេសទាំងពីរអាចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា។
ដោយស្ញប់ស្ញែងពីភាពរីកចម្រើនរបស់កម្ពុជា លោកបណ្ឌិត វីន ហេនដឺសាន់ បានកោត សរសើរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះភាពសាមញ្ញ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា សម្តេចតេជោ មានបទពិសោធន៍ជា ច្រើន ដើម្បីចែករំលែកទៅកាន់ពិភពលោក។ លោករដ្ឋមន្ត្រីការបរទេស បានយល់ស្របចំពោះ ទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យខាងលើ និងត្រៀមខ្លួនពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរ ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាច្រកទំនាក់ទំនងសម្រាប់កម្ពុជា ទៅកាន់ប្រទេសផ្សេង ទៀត នៅតំបន់ការាបៀន។
សម្តេចតេជោនាយករដ្ឋមន្តី្រ និង លោកបណ្ឌិត វីន ហេនដឺសាន់ បានយល់ស្របចំពោះទស្សនៈ រដ្ឋតូចៗផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស នៅអង្គការសហ ប្រជាជាតិ៕
ដោយ ៖ សិលា