ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ក្នុងចំណោម១០០គ្រួសាររស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣បានប្រមូលផ្តុំគ្នាធ្វើការទទូចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តជួយស្ថាបនាជួសជុលផ្លូវមួយខ្សែដែលមានប្រវែងជិតមួយគីឡូម៉ែត្រដែលរងការខូចខាតធ្ងន់ធ្ងរក្រោយពីរថយន្តធំៗបើកឆ្លងកាត់រាល់ថ្ងៃបង្កជាសំឡេងរំខាននិងហុយយ៉ាងខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅនិងសុខភាពសាធារណៈយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានលើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំង បើខែវស្សាវិញគឺមានទឹកហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហើយបើខែប្រាំងគឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុបហ៊ុនដឹកថ្មបើកឆ្លងកាត់។ មិនតែប៉ុណ្ណោះនៅពេលយប់រថយន្តធំៗបានបើកបង្កសំឡេងលាន់ឮស្ទើរបែកក្រដាសត្រចៀករំខានមិនអាចសម្រាកសម្រាន្តបានឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មានការលំបាកខ្លាំងណាស់ព្រោះតែមានរថយន្តដឹកថ្មរបស់ក្រុមដែលបើកបរឆ្លងកាត់ពេលខែវស្សាគឺមានទឹកលិច ហើយបើខែប្រាំងវិញគឺដីហុយខ្លាំងសូម្បីតែក្មេងៗសិស្សានុសិស្សដែលជិះកង់ទៅរៀនក៏លំបាកដែរ ។ នៅពេលហូបបាយម្តងៗគឺមានដីហុយស្ទើរតែហូបមិនកើតដូច្នេះគាត់សូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយដល់កូនចៅផងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរជាពិសេស ដូចជាមន្ទីរពាក់ព័ន្ធរួមនឹងអាជ្ញាធរខេត្តផងដែរ។
លោក ទឹម ផានូ អភិបាលក្រុងច្បារមនបានប្រាប់បណ្តាញសារព័ត៌មានតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ថា «ខ្ញុំសូមអរគុណអង្គភាពសារព័ត៌មានដែលបានផ្តល់ដំណឹងនេះ ខ្ញុំក៏បានដឹងដែរព្រោះខ្ញុំក៏ធ្វើដំណើរតាមផ្លូវនេះដែរ។ កន្លងមកខាងអាជ្ញាធរក្រុងក៏ធ្លាប់ស្នើសុំទៅខាងក្រុមហ៊ុនវាយថ្មឱ្យជួយជួសជុលដោយដឹកដីចាក់បំពេញបន្ថែមនិងបាញ់ទឹកជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំផងដែរ។ កាលពីអាទិត្យមុននេះខ្ញុំបានធ្វើសំណើសុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ ដើម្បីទម្លាក់គម្រោងធ្វើផ្លូវបេតុងទើបជាប់បានយូរព្រោះដោយសារតែផ្លូវនេះជាផ្លូវវាងសម្រាប់ឡានធំៗដឹកថ្ម គម្រោងដែលស្នើសុំទៅខេត្តធ្វើផ្លូវនោះគឺចាប់ពីកន្លែងវត្តម្រុំកែងការាសសាំងខាងត្បូងមកដល់ផ្លូវបំបែកមកដល់នឹងភូមិញររហូតដល់ផ្លូវជាតិលេខ៤តែម្តង ផ្លូវនេះលោកទទួលស្គាល់ថាវាពិតជាពិបាកមែនដោយមានជង្ហុកធំៗ ក្នុងនោះថវិការបស់ក្រុងយើងគឺវាមានកម្រិត ដូច្នេះហើយលោកក៏បានស្នើសុំទៅថ្នាក់លើដើម្បីជួយសម្រួលការធ្វើផ្លូវនេះឡើងវិញឱ្យវាជាប់បានល្អកុំឱ្យវាហុយនិងឱ្យបងប្អូនធ្វើដំណើរបានស្រួល»។
ជាមួយគ្នានោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ឱ្យដឹងថា អរគុណប្អូន តាមពិតយើងមើលទាំងអស់ផ្លូវនៅក្នុងខេត្ត ប៉ុន្តែដោយសារថវិកាយើងនៅមានកម្រិត ហើយយើងត្រូវមើលថាផ្លូវណាជាផ្លូវអាទិភាពយើងត្រូវធ្វើមុនឬធ្វើក្រោយយើងមិនអាចធ្វើក្នុងពេលតែមួយបាននោះទេ។ ផ្លូវហ្នឹងគឺខាងក្រុមហ៊ុនធ្វើសម្រាប់ដឹកថ្មនៅពេលដឹកយូរៗទៅបងប្អូនប្រជាពលរដ្ឋដែលមានដីគាត់បាននាំគ្នាទៅធ្វើផ្ទះដូចដែលសម្តេចលោកមានប្រសាសន៍ថា ទីណាមានផ្លូវគឺតែងតែមានសង្ឃឹម ហើយក៏មានការរីកចម្រើនច្រើនណាស់ដែរ។
លោកមិនមែនមើលនឹងភ្នែកនោះទេ ព្រោះកន្លែងណាក៏ប្រជាពលរដ្ឋរបស់លោកដែរហើយយើងបានហៅក្រុមហ៊ុនទាំងអស់មានចំនួន៥មកដើម្បីពិភាក្សា ហើយខាងក្រុមហ៊ុនដឹកថ្មទាំងនោះគាត់ថានឹងជួយធ្វើផ្លូវនេះ លោកថានឹងឱ្យចាក់បេតុងដើម្បីកុំឱ្យពិបាកស្រោចទឹក។ រហូតមកដល់ពេលនេះខាងក្រុមហ៊ុនមិនទាន់ធ្វើ លោកថាចាំមើលបើខាងក្រុមហ៊ុនមិនព្រមធ្វើលោកនឹងរកដំណោះស្រាយ ប៉ុន្តែលោកបញ្ជាក់ថា កន្លងទៅខាងក្រុមហ៊ុនបានទទួលយកសំណូមពររួចហើយ។ លោកបញ្ជាក់ថានឹងជួសជុលនៅឆ្នាំក្រោយនេះតែម្តង៕
ដោយ៖ចន្ទ លីហ្សា