ភ្នំពេញ៖ ប្រជាពលរដ្ឋពិតជាមិនចង់ឱ្យមានបញ្ហាអីជាមួយមន្ត្រីនគរបាលចរាចរណ៍នោះទេ រីឯមន្ត្រីចរាចរណ៍វិញគួរបំពេញតួនាទី ភារកិច្ច អនុវត្តច្បាប់តាមនីតិវិធីទៅដើម្បីឱ្យក្លាយជារឿងមួយដ៏សំខាន់ ទទួលផលល្អដូចគ្នាសម្រាប់ ការអនុវត្តច្បាប់ចរាចរណ៍ ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនត្រូវខ្លាចមន្ត្រីនគរបាលចរាចរណ៍នោះទេ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍វិញ ។
ឥឡូវមានរឿងរ៉ាវទាក់ទងនឹងនគរបាលចរាចរណ៍រាជធានីភ្នំពេញទៀតបន្ទាប់ពីមានសម្តីអាក្រក់ដាក់ពលរដ្ឋ ចុះដកសោម៉ូតូពីពលរដ្ឋ ជិះម៉ូតូដេញតាមឡានទាំងយប់ ព្រោះឃើញអត់ពាក់ខ្សែក្រវាត់ ពេលនេះនគរបាលចរាចរណ៍សង្កាត់ព្រែកឯងនៅស្ដុប Tiger ត្រូវបានពលរដ្ឋចោទប្រកាន់ថាបានឃាត់ឡានសួររកប័ណ្ណបើកបរ និងថាម្ចាស់រថយន្តប្រើប្រាស់ឯកសារខុសច្បាប់ទាំងអស់ទារប្រាក់ដល់ទៅ១ពាន់ដុល្លារ។
យោងតាមហ្វេសប៊ុកមួយឈ្មោះ បងតិច ដែលបានបង្ហោះកាលពីម្សិលមិញ និងត្រូវបានចែកចាយដោយរដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ នេះ ម្ចាស់ហ្វេសប៊ុកនោះបានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់គាត់បានខ្ចីឡានពីគាត់ទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុប Tiger សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានគាត់ ដោយសុំមើលប័ណ្ណបើកបរ លុះមើលរួចហើយក៏ប្រាប់ថា ឯកសារឡានទាំងអស់សុទ្ធតែក្លែងក្លាយនិងបង្គាប់ឱ្យបង់លុយ១ពាន់ដុល្លារដើម្បីឱ្យគាត់យកឡានទៅវិញ។
ម្ចាស់ឡានបញ្ជាក់ថា ឯកសាររបស់គាត់គឺត្រឹមត្រូវទាំងអស់ និងស្នើដល់នគរបាលឱ្យបង្ហាញកន្លែងណាដែលថាឯកសាររបស់គាត់ក្លែងក្លាយ។
ម្ចាស់គណនីខាងលើបញ្ជាក់ថា៖ «គាត់ (នគរបាលចរាចរណ៍) បានប្រាប់បងប្រុសនាងខ្ញុំថា ឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១ឈៀក ២ស្លាកលេខ ៣លតាបត្រ័ នឹង៤ពន្ធប្រចាំឆ្នាំសុទ្ធតែក្លែងក្លាយទាំងឣស់ ហើយបានបង្កាប់ឣោយបងប្រុសខ្ញុំប្រគល់ប្រាក់ ១០០០$ ឣោយទៅគាត់ទើបគាត់ឣោយរថយន្តមកវិញ បងប្រុសនាងខ្ញុំសុំឣោយគាត់៥០ ០០០រៀល តែខាងប៉ូលីសមិនព្រម លុះឣស់រយៈពេលជាច្រើនម៉ោងខាងប៉ូលិសក៏បានទារប្រាក់ ១៣៥$ ពីបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាប់ទៅធ្វើបុណ្យគាត់ក៏ព្រមឣោយ ហើយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថាហាមបង្ហោះរូបពួកគាត់តាមបណ្តាញសង្គម»។
ភាគីម្ចាស់រថយន្តលោក តិច បានប្រាប់មកកាន់សារព័ត៌មានបន្ថែមថា រថយន្តរបស់លោកជិះចំនួន៦ឆ្នាំហើយដោយមានឯកសារត្រឹមត្រូវតាមច្បាប់ទាំងអស់ និងថាមិនអាចទទួលយកបានឡើយចំពោះការចោទប្រកាន់ថាលោកល្មើសច្បាប់នោះ។
លោកបន្ថែមថា ថ្ងៃនគរបាលចាប់នោះឡានរបស់លោកមិនមានកំហុសចរាចរណ៍នោះទេ តែត្រូវនគរបាលហៅមើលបណ្ណបើកបរ រួចចោទប្រកាន់យកតែម្ដង។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់សារព័ត៌មាន ថា , ករណីនេះស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅភាគីទាំងពីររួចហើយ។
លោកបន្តថា, នាថ្ងៃស្អែកត្រូវនឹងថ្ងៃអាទិត្យទាំងភាគីនគរបាលចរាចរណ៍ និងភាគីម្ចាស់រថយន្តនឹងជួបតទល់គ្នាដើម្បីជជែកគ្នាស្វែងរកខុសត្រូវ។
សូមបញ្ជាក់ថា, នៅប៉ុន្មានខែចុងក្រោយនេះបញ្ហារវាងនគរបាលចរាចរណ៍នឹងពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានកើតមានជាច្រើនករណីដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ស្នងការនគរបាលរាជធានីភ្នំពេញជាខ្លាំង។ ទោះជាយ៉ាងណាស្នងការនគរបាលរាជធានីភ្នំពេញក៏មានវិធានការជាបន្តបន្ទាប់លើមន្ត្រីនគរបាលដែលខិលខូចផងដែរ។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីម្សិលមិញ ក៏បាន ស៊ែរពី facebook របស់ជនរងគ្រោះ ដែលជាប្រជាពលរដ្ឋផងដែរ ៕
ដោយ ៖ សហការី