ព័ត៌មានទាន់ហេតុការណ៍៖

លោក Ma Ying Jeou អតីតមេដឹកនាំកោះតៃវ៉ាន់បំពេញទស្សនកិច្ចប្រទេសចិន

ចែករំលែក៖

លោក ម៉ា យីងជីវ ក្លាយជាអតីតមេដឹកនាំកោះតៃវ៉ាន់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៩មក ដោយលោកមានបំណងចង់បានសន្តិភាពរវាងតៃវ៉ាន់នឹងចិនដីគោក។
អតីតប្រធានាធិបតិតៃវ៉ាន់ លោក ម៉ា យីងជីវ (Ma Ying Jeou) បានធ្វើដំណើរទៅដល់ប្រទេសចិននាថ្ងៃទី២៧ខែមីនា ដែលជាដំណើរទស្សនកិច្ចឆ្លងច្រកសមុទ្រតៃវ៉ាន់ លើកដំបូងបង្អស់ ធ្វើឡើងដោយអតីតមេដឹកនាំឬមេដឹកនាំបច្ចុប្បន្នរបស់ដែនកោះនេះ ក្នុងរយៈពេលប្រមាណជាង៧ទសវត្សរ៍។
លោក ម៉ា បានទៅដល់ទីក្រុងសៀងហៃ ហើយត្រូវបានទទួលស្វាគមន៍ដោយក្រុមមន្រ្តីរដ្ឋាភិបាលចិន និងក្រុមមន្រ្តីនៃទីក្រុងសៀងហៃ។ មុនពេលចេញដំណើរ លោក ម៉ា បាននិយាយដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងអាចជួយធ្វើឱ្យប្រសើរឡើងនូវបរិយាកាសរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដោយជំរុញការធ្វើប្រាស្រ័យរវាងយុវជន»។ បើតាមការិយាល័យរបស់លោក ដំណើរទស្សនកិច្ចរយៈពេលសរុប១២ថ្ងៃរបស់លោក ម៉ា នៅប្រទេសចិន គឺមិនមានជំនួបផ្លូវការណាមួយឡើយ ដ្បិតការផ្តោតសំខាន់គឺទៅលើការសម្តែងក្តីគោរពចំពោះបុព្វបុរសរបស់លោក ហើយនិងការលើកកម្ពស់ការដោះដូរបទពិសោធន៍រវាងយុវជន។
យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ ប្រធាធិបតីតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានចោទប្រកាន់លោក ម៉ា ថា កំពុងសម្តែងការគាំទ្រចំពោះ គោលនយោបាយតៃវ៉ាន់របស់ទីក្រុងប៉េកាំង តាមរយៈទស្សនកិច្ចរបស់លោក។ តៃវ៉ាន់និងចិនបានបែកផ្លូវគ្នាកាលពីឆ្នាំ១៩៤៩ ក្រោយសង្រ្គាមស៉ីវិលមួយ ដែលទទួលជ័យជម្នះ ដោយគណបក្សកុម្មុយនីស្ត ហើយរដ្ឋាភិបាលជាតិនិយម (Kuomintang) របស់លោក ជាង កៃជាក (Chiang Kai Shek) ដែលទទួលបរាជ័យបានរត់ទៅកាន់កោះតៃវ៉ាន់។
លោក ម៉ា គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សគួមីនតាង (Kuomintang) ដែលសព្វថ្ងៃជាបក្សប្រឆាំងនៅតៃវ៉ាន់ និងគាំទ្រចង់ឱ្យទំនាក់ទំនងមានភាពកក់ក្តៅ ជាមួយទីក្រុងប៉េកាំង។ អំឡុងអាណត្តិដឹកនាំកាលពីចន្លោះឆ្នាំ២០០៨-២០១៦ របស់លោក ម៉ា ទំនាក់ទំនងរវាងតៃវ៉ាន់នឹងចិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ រហូតដល់មានកិច្ចប្រជុំកំពូលរវាងររូបលោកហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ ថែមទៀតផង។
នៅឆ្នាំក្រោយនេះ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ដោយគណបក្សគួមីនតាង និងគណបក្សកាន់អំណាច DPP ជាគូប្រជែងចម្បង ប៉ុន្តែលោកស្រី សៃ នឹងមិនឈរឈ្មោះទេ ដ្បិតលោកស្រីកាន់អំណាចបានគ្រប់២អាណត្តិហើយ ចាប់តាំងឆ្នាំ២០១៦មក៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖