ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា, ដីរដ្ឋក្បែរជើងភ្នំប្រាក់ ជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ អាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់មិនអើពើសោះ តើសកម្មភាពទាំងនេះ ជាការបើកដៃឲ្យឈ្មួញ ឬក៏មានអំពើពុករលួយ ពាក់ព័ន្ធណាមួយជាលក្ខណៈ យោគយល់ដើម្បីទាញផលប្រយោជន៍រៀងខ្លួននោះ។
សូមបញ្ជាក់ថា ៖ ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ នៅក្បែរភ្នំប្រាក់ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ។ សកម្មភាពទាំងនេះ ពួកគេហាក់បីដូចជាធ្វើលក្ខណៈជំហរ គ្មានការខ្លាចរអា ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធជំនាញណាឡើយ។ ដូច្នេះអំពើនេះអាចប្រព្រឹត្តជាលក្ខណៈប្រព័ន្ធ បន្ទាប់ពីដីចាប់ផ្ដើមមានហាងឆេងសារជាថ្មី។។ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់មេត្តាពិនិត្យពិចារណា ស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះផង។
សូមជម្រាបជូនថា, ចំពោះសកម្មភាពខាងលើនេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច និងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់ អាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់បីដូចជាមិនអើពើ និងចាត់វិធានការទាល់តែសោះ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៀតថានៅ ក្នុងរឿងជនខិលខូចដាក់គ្រឿងចក្រ (អាអ៊ិច) នោះមន្រ្តីបរិស្ថាន ក៏ដូចជាមេឃុំតាសាល នឹងមេឃុំត្រពាំងជោ ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើយោងតាមព័ត៌មានក្នុងស្រុកខ្លះបានលើកឡើងថា , ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាលនឹងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ (នៅចំណុចជើងភ្នំប្រាក់នេះ) គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះថាប៉ាង អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ហើយអាជ្ញាធរឃុំ ស្រុក ខេត្តនិងជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។ ក្រុមជនខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់ កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬចាត់វិធានការតាមផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានលាភសក្ការហើយ ទើបគ្មានឆន្ទៈក្នុងការថែរក្សានិងអភិរក្សដីព្រៃការពារដោយព្រះរាជក្រឹត្យបែបនេះនោះ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានដាក់ការសង្ស័យថា: សកម្មភាពទាំងនេះ ជាអំពើឃុបឃិតគ្នាលក្ខណៈប្រព័ន្ធទៅហើយ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា , តាមពិតទៅខ្ញុំទើបនឹងដឹងមុននេះបន្តិច បន្ទាប់ពីខាងបណ្ដាសារព័ត៌មានគាត់បាន ទាញទូរស័ព្ទខ្ញុំចូលក្នុង group telegram ។ លោកបន្តថា, ខ្ញុំទើបនឹងមើលព័ត៌មានអានចប់ បន្តិច ! ទើបខាងសារព័ត៌មានបងខលមកសួរ ដូច្នេះខ្ញុំសូមធ្វើការសហការ ជាមួយនឹងអង្គភាពសារព័ត៌មានរបស់បង ប្រសិនបើមានករណីនេះ ជួយផ្ដល់ដំណឹង ព័ត៌មាន ពីព្រោះថាដីនៅម្ដុំនោះធំណាស់ ! ដើម្បីខ្ញុំចាត់ចែងឲ្យអាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញចុះទៅបង្ក្រាបឲ្យទាន់ពេលវេលា។ លោកអភិបាលស្រុកបញ្ជាក់ថា, ខ្ញុំសូមអរគុណចំពោះការសួរនូវអ្វីដែល ជាព័ត៌មានពាក់ព័ន្ធនិងបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្ញុំ។
សូមបញ្ជាក់ផងដែរថា , មេឈ្មួញដ៏ធំឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋមានឈ្មោះថា តាប៉ាង ជាមុខសញ្ញាដែលអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ អាចដឹងរួចទៅហើយ ដូច្នេះងាយស្រួលបំផុតក្នុងការស៊ើបអង្កេត ប្រសិនបើមានឆន្ទៈក្នុងការអនុវត្តច្បាប់ ! ៕
ដោយ ៖ សហការី