ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករមួយចំនួន បានងាកពីការធ្វេីកសិកម្មដំណាំស្រូវ មកធ្វើការប្រមូលចំបើងយាមវាលស្រែដោយប្រើប្រាស់ម៉ាស៊ីន ក្រោយពីការប្រមូលផលស្រូវរួច ដោយវាបានផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ និងកំពុងមានតម្រូវការទីផ្សារខ្លាំង សម្រាប់កសិករដែលចិញ្ចឹមសត្វ និងយកចំបើងទៅកែច្នៃផ្សេងៗ។
ជាក់ស្តែងកសិករ មួយរូបរស់នៅភូមិពោធិ៍រាងបុណ្យ ឃុំពន្លៃ នៅស្រុកភ្នំស្រុក លោក ឡោ កំសត់ បានបង្ហាញពីចំណាប់អារម្មណ៍ ដោយបានលេីកឡេីងថា ៖ ដោយមេីលឃេីញថា ក្រោយពេលប្រមូលផលស្រូវ ចំបេីងនៅសល់តាមស្រែច្រេីន ហេីយចំបេីងវាមានអត្ថប្រយោជន៍សម្រាប់ជាចំណីសត្វ និងកែច្នៃផ្សេងៗ ទេីបរូបលោកបានទិញឧបករណ៍ម៉ាស៊ីនប្រមូលសម្រាប់ធ្វេីការប្រមូលចំបេីងនៅតាមវាលស្រែដេីម្បីលក់ជូនកសិករ។ លោកបន្តថា ដោយក្នុងមួយហិកតា គាត់ប្រមូលបានប្រមាណ៨០ដុំ ក្នុងមួយថ្ងៃប្រមូលបានពី៣-៤ ហិកតា ចំពោះតម្លៃក្នុងមួយដុំ លក់បានក្នុងតម្លៃពី១៥០០ទៅ២០០០រៀល ភាគច្រើនលក់ជូនបងប្អូនកសិកម្មនៅក្នុងមូលដ្ឋាន ចំណែកខែវស្សា អាចលក់ចេញទៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ តាមការកម៉្មង់ទិញ។ លោកបន្តថា ក្រោយពីចាប់របរប្រមូលចំបើងនេះ បានធ្វើឱ្យជីវភាពមានភាពល្អប្រសើរក្នុងមួយកម្រិត។ លោកបន្តថា ៖ បើប្រៀបធៀបការធ្វើស្រែ ការប្រមូលផលចំបើងមានផលចំណេញច្រើន បើទោះបីការប្រមូលផលមានរយៈពេលខ្លីក៏ដោយ។
លោក សាន វឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានប្រាប់ឱ្យដឹងថា ៖ នៅក្នុងឆ្នាំ២០២២-២០២៣នេះ ការបង្កបង្កេីនផលនៅក្នុងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដាំដុះប្រមាណ៣០ម៉ឺនហិកតា ទាំងស្រូវប្រាំងនិងស្រូវវស្សា។ ចំណែកទន្និផលទទួលបានសរុបទូទាំងខេត្តប្រមាណ១លានតោនក្នុងមួយឆ្នាំៗ។ ដោយឡែកការចិញ្ចឹមសត្វមាន គោ ក្របី ប្រមាណ១៣ម៉ឺនក្បាល។
លោកបានបញ្ជាក់ថា ៖ ចំបេីងមានអត្ថប្រយោជន៍ជាច្រេីន ដែលវាជាចំណីសត្វផង សម្រាបកែច្នៃដាំដុះដំណាំផ្សេងៗ ជាពិសេសសម្រាប់បណ្តុះផ្សិតជាដេីម។ ការប្រមូលផលចំបេីងនេះវាបានផ្តល់អត្ថប្រយោជន៍ជាច្រេីនសម្រាប់លក់ក្នុងមូលដ្ឋាន និងនាំចេញទៅក្រៅខេត្តសម្រាប់កសិករដែលចិញ្ចឹមសត្វ ក៏ដូចជាប្រេីប្រាស់សម្រាប់វិ័ស័យកសិកម្មជាដេីម។
លោក សាន វឿន បន្តថា ៖ ការប្រមូលចំបេីង គឺដេីម្បីកាត់បន្ថយការដុតជើងចោល ដោយនាំឱ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះទាំងក្នុងនិងលើដី និងកាត់បន្ថយការកំណើនកំដៅផែនដីដោយផ្សែងពីការដុតចំបើង, កាត់បន្ថយជម្ងឺល្អិតនៅនិងជញ្ជ្រាំងក្រាស់ហើយសើម, ចំបើងដែលប្រមូលដោយម៉ាស៊ីន អាចរក្សាទុកបានយូរដែលអាចយកចំបើងដែលប្រមូលបានទៅធ្វើជាចំណីសត្វ ធ្វើការដាំដុះបន្លែបង្ការផ្សេងៗ ដូចជាការបណ្តុះផ្សិត ធ្វើជាជី ធ្វើជាធ្យូង ផ្គត់ផ្គង់ឡជីវឧស្ម័ន ធ្វើជាទីជម្រក និងអាចយកទៅកែច្នៃជារបស់របរផ្សេងៗទៀត ៕
ដោយ ៖ វណ្ណា