គណៈរដ្ឋមន្ត្រីប្រទេសអារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃទី២៩ខែមីនា បានចុះហត្ថលេខាចូលជាសមាជិកនៃកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ SCO ក្នុងពេលដែលរដ្ឋាភិបាលទីក្រុង Riyadh បានបង្កើនការកសាងទំនាក់ទំនងដៃគូយូរអង្វែងជាមួយចិន។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃពុធនេះ គណៈរដ្ឋមន្រ្តីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានអនុម័តលើការសម្រេចចិត្តមួយ ដើម្បីចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ខណៈដែលទីក្រុងរីយ៉ាដកំពុងបន្តកសាងទំនាក់ទំនងរយៈពេលវែង ជាមួយចិន បើទោះបីជាទទួលបានការបង្ហាញក្តីបារម្ភពីសហរដ្ឋអាមេរិកជុំវិញបញ្ហាសន្តិសុខក៏ដោយ។
អារ៉ាប៊ីសាអ៊ូឌីតបានអនុម័តលើអនុស្សរណៈដែលផ្តល់ឱ្យព្រះរាជាណាចក្រអារ៉ាប់មួយនេះនូវឋានៈជាដៃគូសន្ទនានៅក្នុងអង្គការ SCO ដែលជាសម្ព័ន្ធនយោបាយនិងសន្តិសុខមួយប្រមូលផ្តុំដោយក្រុមប្រទេសនៅក្នុងតំបន់អឺរ៉ាស៉ី រួមមានទាំងចិន ឥណ្ឌានិងរុស្ស៉ី។ ប្រធានបទស្តីពីការចូលរួមក្នុងអង្គការ SCO ត្រូវបានពិភាក្សាអំឡុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី
ជីនពីង នៅអារ៉ាប៊ីសាអ៊ូឌីត កាលពីខែធ្នូ ឆ្នាំ២០២២។ ឋានៈជាដៃគូសន្ទនាគឺជាការបោះជំហានដំបូង មុនពេលដែលប្រទេសសេដ្ឋីប្រេងមួយនេះ អាចទទួលបានសមាជិកភាពពេញលេញ។
អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានបង្កើតឡើងដំបូងនៅឆ្នាំ២០០១ ដោយចិន រុស្ស៉ី រួមជាមួយបណ្តាអតីតរដ្ឋសហភាពសូវៀតនៅតំបន់អាស៉ីកណ្តាល។ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃមកទល់ពេលបច្ចុប្បន្ន ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងឥណ្ឌានិងប៉ាគីស្ថានថែមទៀត ក្រោមគោលដៅចង់ដើរតួនាទីធំជាងមុន ដើម្បីទប់ទល់ឥទ្ធិពលរបស់លោកខាងលិច នៅក្នុងតំបន់។ អ៉ីរ៉ង់ក៏ទើបតែបានចុះហត្ថលេខាលើឯកសារ ដើម្បីក្លាយជាសមាជិកពេញលេញរបស់អង្គការនេះ កាលពីឆ្នាំមុនផងដែរ។
យ៉ាងណាមិញ ការកើនឡើងនៃទំនាក់ទំនងរបស់ទីក្រុងរីយ៉ាដ ជាមួយទីក្រុងប៉េកាំងបានបង្កឱ្យទីក្រុងវ៉ាស៉ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខជាយូរមកហើយរបស់ខ្លួន កាន់តែកើតក្តីព្រួយបារម្ភ។ ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា ការប៉ុនប៉ងរបស់ចិនក្នុងការសាបព្រោះឥទ្ធិពលនៅជុំវិញពិភពលោក នឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះតំបន់មជ្ឈិមបូព៌ាឡើយ។
កន្លងមកនេះ អារ៉ាប៊ីសាអ៊ូឌីតនិងបណ្តារដ្ឋអារ៉ាប់ដទៃទៀតដែលនៅជាប់ឈូងសមុទ្រពែរ្ស បាននាំគ្នាបង្ហាញក្តីកង្វល់ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការដកខ្លួនឃ្លាតឆ្ងាយចេញពីតំបន់នេះដោយសហរដ្ឋអាមេរិកដែលជាអ្នកធានាសន្តិសុខចម្បង ហើយពួកគេក៏បានចាប់ផ្តើមធ្វើពិពិធកម្មដៃគូ។ ទោះជាបែបនេះក្តី ទីក្រុងវ៉ាស៉ីនតោននិយាយថា ខ្លួននឹងនៅតែជាដៃគូមួយយ៉ាងសកម្មក្នុងតំបន់៕
ដោយ៖ ធីរីណា(រូបថត ៖ Sputnik)